ផ្តើមពីតន្រ្តីកររូបសង្ហាម្នាក់ លោក រ៉ុង សុភីដេវីត បើកឱកាសទីផ្សារការសម្តែងភាពយន្ត ក្រោយទទួលបានពានរង្វាន់ជាតារាសម្តែងប្រុសឆ្នើម នៅក្នុងកម្មវីធីពានរង្វាន់តារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៩

ផ្តើមពីតន្រ្តីករសង្ហាម្នាក់នៅក្នុងក្រុមចម្រៀង Small World Small Band ខណៈនេះ លោក រ៉ុង សុភីដេវីត ទទួលបានពានរង្វាន់ជាតារាសម្តែងប្រុសឆ្នើម នៅក្នុងកម្មវីធីពានរង្វាន់តារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៩ តាមរយៈការបោះឆ្នោតគាំទ្រពីមហាជន។ លោក រ៉ុង សុភីដេវីត ត្រូវបានមហាជនពេញចិត្តរូបលោកយ៉ាងខ្លាំងនៅក្នុងការសម្តែងក្នុងខ្សែភាពយន្តមួយចំណងជើងថា ស្នេហាក្មេងៗ ដែលបានផ្ទុះការគាំទ្រទស្សនាយ៉ាងច្រើនពីមិត្តៗយុវវ័យ ក្រោយពីបញ្ចប់ការចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនានា។ ជាកិត្តិយសមែនទែន បុរសសង្ហា រ៉ុង សុភីដេវីត បានបង្ហាញក្តីរភើប និងមិននឹកស្មានដល់ថារូបខ្លួន អានឈានមកដល់ដំណាក់កាលទទួលបានពានរង្វាន់មួយនេះ។ លោក រ៉ុង សុភីដេវីត ជាសមាជិកម្នាក់នៅក្នុងក្រុម Small World Small Band ឬហៅថាក្រុមតូច ដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ លោកជាតន្រ្តីករលេងស្គរម្នាក់ដ៏ប៉ិនប្រសព្វ ដែលទើបបោះជំហានឈានជើងចូលប្រឡូកក្នុងការសម្តែងក្នុងខ្សែភាពយន្តជាលើកទីមួយ។ ខ្សែភាពយន្តរឿង ស្នេហាក្មេងៗ ជាភាពយន្តមួយបានធ្វើឱ្យរូបលោកមានមុខមាត់នៅក្នុងវិថីសិល្បៈ ជាពិសេសគឺឱកាសវិវត្តន៍ខ្លួនក្លាយជាតារាសម្តែងបន្ថែមទៀត។