About Me

header ads

អភិបាលខេត្តមណ្ឌលគិរីដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានពង្រីកផ្លូវរៀងក្រុង

មណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានដឹកនាំក្រុមការ ងារចុះពិនិត្យមើលការដ្ឋានពង្រីកផ្លូវរៀងក្រុង ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ខេត្តមួយនេះ ព្រោះតែផ្លូវស្ថាបនាឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់រថយន្តធុនធំដឹកទំនិញ ឬកសិផលនានា  បញ្ជៀសរាល់ការកកស្ទះក្នុងទីប្រជុំជនក្រុងសែនមនោរម្យ ។​ លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្រោយពេលផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ជាស្ថាពរ រថយន្តធុនធំគ្រប់ ប្រភេទគឺតម្រូវឲ្យបើកឆ្លងកាត់តាមដងផ្លូវមួយនេះ មិនអនុញ្ញាតឲ្យឆ្លងកាត់ទីប្រជុំជនក្រុងសែនមនោរម្យនោះទេ ដើម្បីបញ្ជៀសការកកស្ទះ និងមិនឲ្យរំខានដល់ប្រជាពលរដ្ឋ ។អភិបាលបន្តថា ផ្លូវនេះមានភាពធំទូលាយ ដោយមានទទឹង ១៨ម៉ែត្រ ក្នុងនោះទំហំកា្រលកៅស៊ូ១៦ម៉ែត្រ ចិញ្ចើមផ្លូវ២ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ។​ លោក ស្វាយ សំអ៊ាង បន្ថែមថា ការស្ថាបនាផ្លូវមួយខ្សែនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីផងដែរ មិនតែប៉ុណ្ណោះនាពេល អនាគតនឹងរៀបចំផ្លូវនេះជាផ្លូវភ្លោះ និងមានរៀបចំបង្គោលភ្លើងបំភ្លឺនៅពេលយប់តាមដងផ្លូវផងដែរ ដើម្បីបង្កើនសោភ័ណ្ឌភាពឲ្យកាន់តែប្រសើរ ។អភិបាលខេត្តបញ្ជាក់ថា ការស្ថាបនាខាងលើគឺមានគុណល្អ ស្របតាមលក្ខណៈបច្ចេកទេស ហើយក្រុមហ៊ុនម៉ៅការស្ថាបនាក៏មានជំនាញនិងសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ ។




ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានសម្ដែងអារម្មណ៍រីករាយ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានយកចិត្តទុកដាក់ស្ថាបនាផ្លូវវៀងក្រុងនេះធំទូលាយ បានធ្វើឲ្យភូមិដែលមាន សភាពស្ងប់ស្ងាត់ប្រែមកអ៊ូអរ មានប្រជាពលរដ្ឋឆ្លងកាត់ទៅមកជាប្រចាំ ហើយភ្ញៀវទេសចរក៏អាចមកកម្សាន្តតាមដង ផ្លូវនេះផងដែរ ។​ សូមបញ្ជាក់ថា ក្នុងប្រវែងផ្លូវជាង៥គីឡូម៉ែត្រនេះបានស្ថាបនារួចរាល់ស្ទើទាំងស្រុងហើយ និងកំពុងពង្រីកបន្ថែម ត្រង់ចំណុចខ្លះ ហើយផ្លូវមួយខ្សែនេះក៏ទំនប់ទឹកធំមួយ ដែលប្រជាពលរដ្ឋក្នុងតំបន់អាចយកទៅប្រើប្រាស់ ឬស្រោចដំណាំផ្សេងៗផងដែរ ៕