សក្កិសមនឹងកិត្តយសណាស់! វិរកីឡាការិនី កែ ឡេង ទទួលបានលិខិតអបអរសាទរពី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សក្កិសមនឹងកិត្តយសណាស់! វិរកីឡាការិនី កែ ឡេង ទទួលបានលិខិតអបអរសាទរពី
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតអបអរសាទរដល់វិរកីឡាការិនី កែ ឡេង ក្នុងឱកាសដែលលោកស្រីត្រូវបានរាជ
រដ្ឋាភិបាលកម្ពុជាតំឡើងឋានន្តរសក្តិពី ឧត្តមសេនីយ៍ត្រី ទៅ ឧត្តមសេនីយ៍ទោ ចំពោះការខិតខំប្រឹងប្រែងដណ្តើមមេដាយមាសពិភពលោកជូនជាតិ។ ទន្ទឹមនឹងការតំឡើងឋានន្តរសក្កិនេះ ឯកឧត្តមរដ្ឋមន្ត្រីជឿថា លោកស្រីឧត្តមសេនីយ៍ទោនឹងខិតខំបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា និងពិសេសជាមួយកីឡាករកីឡាការិនីរួមអាជីពយកជោគជ័យបន្ថែមទៀតជូនប្រទេសជាតិ។ ការផ្តល់ជូននូវការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម និងក្រសួងអប់រំ


យុវជន និងកីឡា ជូនចំពោះលោកស្រីឧត្តមសេនីយ៍ទោ ក៏ដូចជាចំពោះកីឡាករកីឡាការិនី គ្រូបង្វឹកដទៃទៀតជាបន្តបន្ទាប់ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យកីឡានៅកម្ពុជា។
សូមបញ្ជាក់ថា លោកស្រី កែ ឡេង បានចូលប្រឡូកក្នុងវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដោយលោកស្រីបានដណ្តើមមេដាយជូនជាតិជាច្រើនមានទាំងមាស ប្រាក់ និងសំរិទ្ធ។ អ្វីដែលពិសេសលោកស្រីឈ្នះមេដាយមាសកម្រិតពិភពលោកដល់ទៅ៤ជំនាន់ជាប់គ្នាគឺក្នុងឆ្នាំ ២០១៣ នៅប្រទេសបារាំង, ២០១៥ នៅប្រទេសថៃ, ២០១៧ នៅប្រទេសចិន និងចុងក្រោយឆ្នាំ២០១៩ ក្នុងពានរង្វាន់ជើងឯកពិភពលោកយុវជន និងស្ត្រីលើកទី១៧ ដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង វិរកីឡាការិនីដៃឯករបស់យើងក៏ឈ្នះបានមេដាយមាស១គ្រឿងផងដែរលើវិញ្ញាសាវាយទោលនារី។ ហើយកាលពីចុងខែធ្នូឆ្នាំ២០១៩កន្លងទៅ លោកស្រី កែ ឡេង ដណ្តើមបានមេដាយមាស១គ្រឿងទៀតលើវិញ្ញាសាវាយយកពិន្ទុនារី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៣នៅប្រទេសវៀតណាម៕
អត្ថបទ៖ រក្សាសិទ្ធិដោយ TV5