ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្តកណ្តាល រំលឹកឡើងវិញថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន

កណ្តាល៖ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្រ្តីរាជការ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជន សិស្សានុសិស្ស កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចំនួន ប្រមាណជាង៥០០០នាក់ បានប្រមូលផ្តុំគ្នា ប្រារព្ធមិទី្ទង ខួបលើកទី៤១ ទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩-២០២០ ដែលជា ថ្ងៃកំណើតទី២ របស់ខ្លួន នៅទីតាំងសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅខេត្តកណ្តាល  នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ ថ្លែង សុន្ទរកថា នាឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណៈបក្សខេត្ត និងជាអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា៖  ជ័យជំនះ ៧មករា បានសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅសល់ពីការកាប់សម្លាប់ បានទាន់ពេលវេលា ហើយប្រជាជនដណ្តើម បានមកវិញ នូវសិទ្ធសេរីភាពគ្រប់យ៉ាង បានប្រែក្លាយជាអ្នកធ្វើជាម្ចាស់លើ ជោគវាសនារបស់ខ្លួនពិតប្រាកដ។ ឯកឧត្តមបណ្ឌិត  ម៉ៅ ភិរុណ បានថ្លែងទៀតថា៖ ស្មារតី៧មករា  នៅស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នក៏ដូចអនាគតយូរអង្វែង ប្រៀបដូចជា ប្រទីបបំភ្លឺផ្លូវដែលនាំយើង ឈានពីជ័យជំនះមួយ ទៅជ័យជំនះមួយទៀតឥតឈប់ឈរ។ ស្មារតី៧មករា បានផ្តល់នូវមេរៀន និងបទពិសោធន៏ ដ៏មានតម្លៃបំផុត សំរាប់យើងទាំងអស់គ្នា ដើម្បីកសាង និងការពារមាតុភូមិតទៅមុខទៀត។ ស្មារតី៧មករា មានសត្រូវតែមួយប៉ុណ្ណោះគឺ របបប្រល័យពូជសាសន៏ ប៉ុល ពត បានក្លាយជាបញ្ហា ក្នុងប្រវត្តិសាស្រ្តទៅហើយ ដូច្នេះអ្នកដែលប្រឆាំង និងស្មារតី៧មករា គឺជាអ្នកស្រលាញ់ របបប្រល័យពូជសាសន៏ ជាអ្នកប្រឈម និងដំណើរការលូតលាស់ របស់ប្រទេសជាតិ។







ឯកឧត្តមបណ្ឌិត បន្តថា៖ ស្មារតី៧មករា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃជ័យជំនះ៧ មករា ឆ្នាំ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ របបព្រៃផ្សៃនេះ គឺបានធ្វើអោយជីវិតមនុស្សរាប់លាននាក់ ត្រូវបានបាត់បង់ជីវិត ហើយប្រទេសជាតិវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ កាលពី៤១ ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត រង់ចាំតែថ្ងៃស្លាប់មកដល់តែប៉ុណ្ណោះ។ ប៉ុន្តែ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍ រីកចម្រើន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិសារជាថ្មីផងដែរ។ ក្នុងខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕