About Me

header ads

បញ្ជូនជនសង្ស័យបួននាក់ដែលជាប់ពាក់ព័ន្ឋករណីជួញដូរផលអនុផលព្រៃឈើទៅតុលាការ

មណ្ឌលគិរី៖ ជនសង្ស័យបួននាក់ដែលជាប់ពាក់ព័ន្ឋករណីជួញដូរផលអនុផលព្រៃឈើ ត្រូវបានមន្ត្រីជំនាញបញ្ជូនទៅតុលាការនារសៀលថ្ងៃទី០៨ មករា ២០២០ ក្រោយចាប់ខ្លួនអស់រយៈពេលពីរថ្ងៃ។
លោក អ៊ុំ វណ្ណសុភៈ នាយកខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីឱ្យដឹងថា រដ្ឋបាលព្រៃឈើបានទទួលជនសង្ស័យចំនួន៤នាក់រថយន្ត Toyota ទួរីស ពណ៍ស លាយប្រផេះ ចំនួន០១គ្រឿង និងវត្ថុតាងមួយចំនួនទៀតមាន ដាវ ចំនួន០១ដើម ដែកត្បែងចំនួន០៣ដើម ពិលឆ្លុះ ចំនួន០៣គ្រឿង រណាយន្ត (ម៉ាស៊ីនត្រង់ស៊ីន័រអារឈើ) ចំនួន០២គ្រឿង ពីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្ត។ ជនសង្ស័យទាំង៤នាក់រួមមាន៖ ១ -ឈ្មោះ សេន ម៉ាន ហៅ តាំ ភេទប្រុស ២-ឈ្មោះ ញឹម វុទ្ធី ហៅ ធី ភេទប្រុស ៣-ឈ្មោះ រឿង ពេជ្រ ហៅ គា ភេទប្រុស ៤-ឈ្មោះ ជិន ញ៉ាញ់ ហៅ ញ៉ាញ់ ភេទប្រុស។
សូមបញ្ជាក់ថា មុខសញ្ញាជួញដូរឈើខុសច្បាប់យ៉ាងមមាញឹកនៅស្រុកកែវសីមា ត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបបានចំនួន៤នាក់ ខណៈពួកគេមានសកម្មភាពបម្រុងចូលទៅដឹកឈើក្នុងដែនជម្រកការពារសត្វព្រៃ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ៕