About Me

header ads

ម្ចាស់បិទទ្វារចាក់សោនាំគ្នាទៅធ្វើការអស់ ស្រាប់តែក្រឡេកមើលទៅឃើញអណ្តាតភ្លើងចេញពីជង្រុក លុះនាំគ្នារត់ទៅពន្លត់ហួសពេលបាត់ទៅហើយ

ខេត្តប៉ៃលិន ៖ ជង្រុកដាក់កសិផលពោត និងដំឡូងមីរបស់ប្រជាពលរដ្ឋ១ខ្នង ដែលមានមានទំហំធំ និងសម្ភារ:ជាច្រើននៅក្នុងនោះ ត្រូវបានអគ្គីភ័យត្របាក់អស់គ្មានសល់ ខណ:ម្ចាស់និងកម្មករនាំគ្នាបិទទ្វារ ចាក់សោទុកចោល រួចនាំគ្នាទៅធ្វើការក្នុងចម្ការ ស្រាប់តែមានអណ្តាតភ្លើងហុយចេញយ៉ាងសន្ធោរសន្ធៅ លុះនាំគ្នារត់ទៅពន្លត់មិនបាន ក៏ទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យទៅជួយថែមទៀត តែអ្វីៗហួស ពេលបាត់ទៅហើយ ។ ហេតុការណ៍នេះ បានកើតឡើកាលពីវេលាម៉ោងប្រហែល១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយម្ចាស់ជង្រុក មាន ឈ្មោះ ឃុត គឹមហេន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា  ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។



ប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា មានករណីឆេះជង្រុកទាំងស្រុងមួយ ខណ:ម្ចាស់ចាក់សោទុកចោល រួចនាំកម្មករទៅធ្វើការក្នុងចម្ការឆ្ងាយពីកន្លែងកើតហេតុ ស្រាប់តែរហូតដល់ថ្ងៃត្រង់ មានអណ្តាតភ្លើង និងផ្សែងហុយចេញយ៉ាងសន្ធោរសន្ធៅ ក៏នាំគ្នារត់ទៅពន្លត់  ។ តែដោយសារភ្លើងឆេះយ៉ាងខ្លាំង ទើបទាក់ទងទៅខាងលោកឱ្យប្រញាប់យករថយន្តទៅបាញ់ទឹកជួយពន្លត់ លុះពេលទៅដល់ភ្លើងឆេះអស់រលីងបាត់ទៅហើយ មិនអាចជួយបាននោះទេ ។ លោកបន្តទៀតថា ជង្រុកដែលឆេះនេះមិនដឹងពីមូលហេតុនោះទេ ហើយមានទំហំ០៨ម៉ែត្រ គុណនឹង៥០ម៉ែត្រ ក៏មានសម្ភារៈរបស់របរត្រូវភ្លើងឆេះទាំងស្រុងដែរ ដូចជា ៖ ត្រាក់ទរ័ចំនួន ០១គ្រឿង ម៉ាស៊ីនដេរសំលៀកបំពាក់ចំនួន០១ឈុត ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង និងឈើសំរាប់ទុកសាងសង់ផ្ទះជាច្រើន រួមទាំងរបស់ផ្សេងទៀត ក៏ត្រូវភ្លើងឆេះទាំងស្រុងដែរ ។ លោកបញ្ជាក់ថា ករណីនេះមិនបង្កអោយមានមនុស្សណាម្នាក់រងរបួសនោះទេ ហើយការឆេះនេះ គឺមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ព្រោះម្ចាស់ជង្រុក និងកម្មករ មិននៅទីនោះមុនពេលកើតហេតុ ។​ បច្ចុប្បន្នករណីខាងលើនេះ ភ្លើងត្រូវបានរលត់ទាំងស្រុង ដោយមានការអន្តរាគមន៍ពន្លត់ពីរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ៕