About Me

header ads

បុរសម្នាក់ជិះម៉ូតូប៉ះដៃចង្កូតជាមួយបង្គោលដែករេចង្កូតតែវ៉ែពេញផ្លូវត្រូវរថយន្តសណ្ដោងរ៉ឺម៉កកៀរនិងកិនស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដែលគាត់ជិះម៉ូតូចេញពីហាងកាហ្វេមួយកន្លែងឡើងផ្លូវជាតិលេខ៣ ហើយជ្រុល៣ទៅកៀរបង្គោលដែកធ្វើឲ្យម៉ូតូរេចង្កូតតែវ៉ែពេញផ្លូវ ស្របពេលនោះស្រាប់តែមានរថយន្តធុនធំ១គ្រឿង សណ្ដោងកន្ទុយរ៉ឺម៉កដឹកសុីម៉ង់ត៌ទៅដល់កៀរបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់កិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

បុរសរងគ្រោះខាងលើឈ្មោះ ចាន់ វិចិត្រ អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ជិះម៉ូតូម៉ាកសុីទីសេ១០០កូរ៉េពណ៍ ក្រហមអត់ស្លាកលេខ១គ្រឿង។ចំណែករថយន្ត GRANTO ពណ៍បៃតង សណ្ដោងរ៉ឺម៉កខាងលើពណ៍ខៀវក្បាលពាក់ស្លាកលេខកំពង់ធំ 3A-1033 កន្ទុយរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ4A-2339ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូចេញពីហូបកាហ្វេនៅហាងកាហ្វេមួយកន្លែងក្បែរនោះក្នុងទិសដៅពីលិចទៅកើត ឡើងលើផ្លូវជាតិលេខ៣ ហើយបានជ្រុលទៅកៀរបង្គោលដែក១កំណាត់ធ្វើឲ្យម៉ូតូរេចង្កូតតែវ៉ែ។ស្របពេលនោះស្រាប់តែរថយន្តសណ្ដោងរ៉ឺម៉កដឹកសុីម៉ង់ត៌បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ទៅដល់កៀរបណ្ដាលឲ្យខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗតែម្ដង។ក្រោយពេលកើតហេតុរថយន្តបានបើកហួសទៅមុខឆ្ងាយបន្តិចទើបឈប់រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកនគរបាលមូលដ្ឋានបានចុះទៅធ្វើការវាស់វែងនិងនាំយករថុន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕