About Me

header ads

ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្របានផ្តាច់អាយុជីវិតតារាបាល់បោះដ៏ល្បី និងកូនស្រីជាទីស្រឡាញ់ម្នាក់

តារាបាល់បោះដ៏ល្បីសញ្ជាតិអាមេរិកកីឡាករ Kobe Bryant ម្ចាស់មេដាយមាសអូឡាំពិក  បន្សល់ទុកនូវស្នាដៃ និងកំណត់ត្រារាប់មិនអស់បានទទួលមរណភាពក្នុងវ័យ៤១ឆ្នាំ បន្ទាប់ពីជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីព្រឹកថ្ងៃអាទិត្យទី២៦ ខែមករា ឆ្នាំ២០២០នេះ ដោយក្នុងនោះមានកូនស្រីរបស់លោកម្នាក់រួមដំណើរជាមួយផងដែរ។ ដំណឹងដ៏រន្ធត់មួយនេះមិនត្រឹមតែធ្វើឲ្យមិត្តរួមអាជីព និងជនរួមជាតិអាមេរិកតក់ស្លត់ទេ ប៉ុន្តែតារាល្បីៗជុំវិញពិភពលោក រួមទាំងអ្នកគាំទ្ររបស់កំពូលតារាបាល់បោះរូបនេះនាំគ្នាសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានដ៏កម្ររបស់ពិភពលោកមួយនេះ។ ទោះបីចាប់ពីពេលនេះទៅលែងមានវត្តមានលោក Kobe ក៏ដោយ ប៉ុន្តែស្នាដៃ និងកំណត់ត្រាជាច្រើនរបស់លោកត្រូវបានបន្សល់ទុកជាការចងចាំដ៏ល្អគ្មានថ្ងៃបំភ្លេចបានឡើយ។ Kobe Bryant មានឈាមជ័រជាអ្នកលេងបាល់បោះ និងទទួលជោគជ័យយ៉ាងខ្លាំងតាំងពីនៅវ័យជំទង់មកម៉្លេះ។ លោក Kobe កើតក្នុងឆ្នាំ១៩៧៨ នៅទីក្រុងភីឡាឌេហ្វៀ រដ្ឋផែនស៊ីវ៉េននីសហរដ្ឋអាមេរិក។ Kobe ដឹងក្តីឡើងជុំវិញមជ្ឈដ្ឋានបាល់បោះតែម្តង ដោយឪពុករបស់គាត់លោក Joe Bryant ជាអតីតខ្សែប្រយុទ្ធរបស់ក្លិបបាល់បោះ ភីឡាឌេហ្វៀ៧៦អ័រ និងក្លិបសាន់ឌៀហ្គោខ្លីបភើរ។ ក្នុងឆ្នាំ១៩៩១ Kobe ចូលលេងបាល់បោះឲ្យក្រុមប្រចាំវិទ្យាល័យ Lower Merion ហើយបានជួយឲ្យក្លិបនៅវិទ្យាល័យរបស់ខ្លួនឈ្នះជើងឯកប្រចាំរដ្ឋ៤ឆ្នាំជាប់គ្នា ធ្វើឲ្យរូបគាត់ស្ថិតក្នុងការក្រសែភ្នែកពីសំណាក់ក្លិបធំៗជាច្រើនក្នុងលីគ NBA។ នៅទីបំផុត Kobe បានទៅចូលរួមជាមួយក្លិប ភីឡាឌេហ្វៀ ៧៦អ័រ ដែលជាអតីតក្លិបរបស់ឪពុកខ្លួន។ បន្ទាប់ពីចំណាយពេល៥រដូវកាលនៅទីនោះ Kobe បានផ្ទេរមកលេងឲ្យក្លិប Los Angeles Lakers ជាកន្លែងដែលគាត់ចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងល្បីរន្ទឺ។ កំណត់ត្រាទី១របស់គាត់នៅពេលនោះគឺក្នុងប្រកួតដំបូងជាមួយក្រុម Dallas Mavericks កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៧ ធ្វើឲ្យគាត់ក្លាយជាកីឡាករបាល់បោះក្មេងបំផុតក្នុងលីគបាល់បោះអាជីពអាមេរិក NBA ដោយពេលនោះ Kobe ទើបតែមានអាយុ១៨ឆ្នាំ និង១៥៨ថ្ងៃប៉ុណ្ណោះ។
សូមបញ្ជាក់ថា Kobe Bryant វ័យ៤១ឆ្នាំ ជាតារាបាល់បោះដ៏ល្បីម្នាក់ដែលបានចំណាយពេលជាង២ទសវត្សន៍ជាមួយក្រុម LA Lakers បានទទួលមរណភាពកាលពីព្រឹកថ្ងៃអាទិត្យថ្មីៗនេះ បន្ទាប់ពីជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រស្របពេលដែលលោកកំពុងធ្វើដំណើរក្រោមលក្ខខណ្ឌអាកាសធាតុចុះអ័ព្ធខ្លាំងបណ្តាលឲ្យឧទ្ធម្ភាគចក្រធ្លាក់ទៅបុកនឹងភ្នំ Calabasas ស្ថិតក្នុងរដ្ឋ Los Angeles។ មនុស្សនៅលើនោះសរុបទាំងអស់៩នាក់រួមទាំងកូនស្រីរបស់លោកឈ្មោះ Gianna អាយុ១៣ឆ្នាំក៏ត្រូវបានអាជ្ញាធរសន្មត់ថាស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនោះផងដែរ៕