About Me

header ads

ប្រជាពលរដ្ឋ១២គ្រួសារដែលកំពុងរស់នៅលើផ្ទះល្វែងកសាងក្នុងឆ្នាំ១៩៣១ មានសភាពទ្រុឌទ្រោម មិនទាន់ចាកចេញតាមការជូនដំណឹងរបស់អាជ្ញាធរក្រុងកំពង់ឆ្នាំង នៅឡើយទេ

កំពង់ឆ្នាំង: គិតមកដល់ពេលនេះមានរយៈពេលជាង៧ខែ ហើយ ដែលអាជ្ញាធរក្រុងកំពង់ឆ្នាំង បានដាក់កំណត់ ឲ្យប្រជាពលរដ្ឋ ១២ គ្រួសារដែលកំពុងរស់នៅផ្ទះល្វែងនៅចំណុចផ្សារឆ្នាំង ចាកចេញជាបន្ទាន់ ព្រោះតែសំណង់ផ្ទះលែ្វង ដែលបានសាងសង់ក្នុងសម័យអាណានិគមន៍បារាំង មានសភាពទ្រុឌទ្រោម ក្រែងកើតគ្រោះថ្នាក់ថ្ងៃណាមួយជាយថាហេតុ ។ ប៉ុន្តែមកដល់ពេលនេះ ប្រជាពលរដ្ឋទាំង១២ គ្រួសារ នៅមិនទានចាកចេញអស់នៅឡើយទេ ។យ៉ាងនេះក្តីអាជ្ញាធរក្រុងកំពង់ឆ្នាំង ក៏មិនដឹងធ្វើម្តេចដែរ  ព្រោះតែពួកគាត់អះអាងថា៖ ជាកម្មសិទ្ឋរបស់គាត់ តែពួកគាត់គ្មានលទ្ឋភាពធ្វើថ្មីបាន ។ សូមរំឮកថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើសំណង់អាគារលេខ១៣ល្វែង ចាប់ពីអាគារលេខ B134 ដល់B 147 ដែលមានប្រជាពលរដ្ឋ ១២ គ្រួសារ កំពុងរស់នៅ បានបញ្ជាក់ថា តាមមន្ត្រីជំនាញដែលបានចុះធ្វើការសិក្សាស្រាវជ្រាវនៅអាគារខាងលើនេះ អាចនឹងបាក់ស្រុត រលំនៅថ្ងៃណាមួយជាមិនខាន ព្រោះតែអគារនេះមានអាយុកាលប្រមាណជិត១០០ ឆ្នាំទៅហើយ មានសភាពពុកផុយដោយកន្លែងទៀតផង ។ ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែស្នាក់នៅ  ត្រូវចាកចេញ ដោយមិនត្រូវដេក មិនត្រូវចូលជ្រក ឬសម្រាកឡើយ និងសូមផ្អាកធ្វើអាជីវកម្មលក់ដូរចាប់ពីថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០១៩ តទៅ ។ ក៏ប៉ុន្តែគិតមកដល់ពេលនេះជាង៧ ខែទៅហើយ ប្រជាពលរដ្ឋទាំងនោះនៅតែមិនទាន់បានចាកចេញនៅឡើយទេ ។






អភិបាលក្រុងកំពង់ឆ្នាំង  លោក យិន សាវ៉េន កាលពីរសៀលថ្ងៃទៅ២៨ ខែមករា ឆ្នាំ២០២០ បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង បានជូនដំណឹងដល់អ្នករស់នៅលើផ្ទះល្វែងដែលមានអាយុកាលដ៍ចំណាស់នេះហើយ ប៉ុន្តែបើប្រជាពលរដ្ឋមិនព្រមចេញ លោកមិនដឹងធ្វើម៉េចដែរ បើមានគ្រោះថ្នាក់សូមកុំបន្ទោសអាជ្ញាធរ ព្រោះអាជ្ញាធរបានជូនដំណឹងដល់ពួកគាត់ច្រើនលើកច្រើនសារមកហើយ ។ យ៉ាងនេះក្តីតាមរយៈប្រពន្ឋ័ផ្សព្វផ្សាយ លោកនៅតែអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងអាគារខាងលើនេះ សូមមេត្តាចាកចេញ រកកន្លែងស្នាក់នៅបណ្តោះអាសន្ន ហើយសហការគ្នា វាយអាគារចាស់ ធ្វើអាគារថ្មីជាកម្មសិទ្ឋផ្ទាល់ខ្លួនចុះ ព្រោះក្នុងចំណោមផ្ទះទាំង១៣ល្វែង មានមួយភាគជាអាគាររបស់រដ្ឋ ដែលអាជ្ញាធរខេត្តទើបសុំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរួចហើយដែរ ដើម្បីប្រគល់ជូនអ្នកដែលបានកាន់កាប់ តាំងពីដើមមក ។ គួររំលឹកដែរថាអាគារផ្ទះល្វែង១៣ល្វែងខាងលើនេះគឺកសាងសម័យអាណានិគមនិយមបារាំងក្នុងឆ្នាំ ១៩៣១ មកដល់ពេលនេះមានអាយុកាល ៨៩ឆ្នាំហើយកំពុងមានសភាពទ្រុឌទ្រោមជាខ្លាំង៕