About Me

header ads

ម្ចាស់រមណីយដ្ឋានចម្ការខ្នុរធ្វើផ្ទះសំណាក់ចំនួន៦បន្ទប់ យីហោ«ភូមិកូឡាចំការខ្នុរ» ក្បែររមណីយដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវ ជួលស្នាក់ និងបោះតង់លំហែកំសាន្ត

ខេត្តប៉ៃលិន ៖ បើភ្ញៀវទេសចរណ៍ជាតិ ឬអន្តរជាតិ ធ្វើដំណើរទៅលេងរមណីយដ្ឋានចម្ការដែលមានចំងាយ ត្រឹមតែប្រមាន៥ទៅ៦គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងលិចឈាងខាងត្បូង លុះទៅដល់មុននឹងឈានចូលដល់កន្លែងរមណីយដ្ឋានប្រមែលជា៥០ម៉ែត្រ ស្ថិតនៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ហើយបើក្រឡេកមើលទៅខាងឆ្វេងដៃ នឹងឃើញផ្ទះសំណាក់តូចៗជារបៀបគ្រួសារចំនួន៦ខ្នង បានសាងសង់រួចរាល់ និងលាបថ្នាំពណ៌បញ្ចេញសម្រស់ដ៏ស្រស់ស្អាតលាតស ន្ធឹងនៅក្បែរជើងភ្នំ ។ ម្យ៉ាងវិញទៀត នៅក្នុងបរិវេណដីផ្ទះសំណាក់នេះ មានការដាំដើមផ្កាចម្រុះពណ៌ស ម្រាប់លម្អសួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលទៅទស្សនា ថតសែលហ្វ៊ី តែកុំភ្លេចបង់ប្រាក់ថ្លៃចូលទៅលេងទីនោះផងដែរ ដោយក្នុងម្នាក់ត្រឹមតែ២០០០រៀលប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ទិត្យ ផល្លា អាយុ៥១ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ផ្ទះសំណាក់យី ហោ«ភូមិកូឡាចំការខ្នុរ» ត្រូវបានគាត់ និងកូនសាងសង់ឡើងកាលពីពេលថ្មីៗនេះ ហើយសង់ជារបៀប បន្ទប់តូចៗដាច់ដោយឡែកពីគ្នា ជានៅជាប់គ្នាជាជួរ លាតសន្ធឹងក្នុងទិសដៅពីកើតទៅលិច ។ គាត់បន្ត ទៀតថា ការសង់ផ្ទះសំណាក់នេះ មានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និងកង្ការ មានបន្ទប់ទឹកអានាម័យ មានសួនច្បារ ដាំផ្កាចម្រុះពណ៌ ។ ពេលល្ងាច អាចចេញពីក្នុងបន្ទប់មកអង្គុយលេងខាងក្រៅមើលថ្ងៃរៀបអស្តង្គត់ និងមើលទេសភាពព្រៃភ្នំគួរឱ្យទាក់ទាញផងដែរ ។

គាត់បន្ថែមទៀតថា ការជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅ ក្នុង១យប់ តម្លៃ៤០ដុល្លារ ហើយនៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមនេះ មានភ្ញៀវទេសចរណ៍១ក្រុម បានធ្វើដំណើរមកពីរាជធានីភ្នំពេញ ក៏កក់បន្ទប់ស្នាក់នៅបោះតង់ទាំងអស់ រយ:ពេល២ ទៅ៣យប់ ទើបគេត្រឡប់ទៅផ្ទះវិញ ។ ម្យ៉ាងវិញទៀត នៅថ្ងៃខាងមុខ គាត់នឹងសាងសង់បន្ថែមទៀត រហូតដល់ក្បែរជើងភ្នំ ដើម្បីឱ្យភ្ញៀវដែលមកពីខេត្តឆ្ងាយ ស្នាក់នៅកំសាន្តក្បែររមណីយដ្ឋានរបស់ខ្លួនតែម្តង មិនបាច់ចេញចូលទៅស្នាក់នៅក្នុងទីក្រុងដែលលំបា កក្នុងការធ្វើដំណើរចេញចូលទៅមក ។

មេការចាំយាមលក់សំបុត្រនៅខាងមុខផ្ទះសំណាក់ខាងលើ ឈ្មោះ ប៊ុត អឿន អាយុ២៥ឆ្នាំ បានឱ្យដឹងថា នៅក្នុងបរិវេណផ្ទះសំណាក់នេះ មានដាំផ្កាច្រើនប្រភេទ ដោយលក់សំបុត្រឱ្យភ្ញៀវទេសចរណ៍ តែថ្ងៃបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ប៉ុណ្ណោះ រីឯនៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យវិញ គឺអត់គិតលុយនោះឡើយ ។ ប្រភពបន្តទៀតថា នៅថ្ងៃខាងមុខ ថៅកែរបស់ខ្លួននឹងរៀបចំដាក់ចិញ្ចឹមសត្វក្ងោក សត្វព្រៃផ្សេងៗមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលទៅលេង ហើយក៏មានការលក់ ត្បូងប៉ៃលិន ដល់ភ្ញៀវដែលចង់ទិញយកទៅប្រើប្រាស់ជាគ្រឿងអលង្ការ ។

ចំណែកភ្ញៀវទេសចរណ៍ម្នាក់ ដែលស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ បានឱ្យដឹងដែរថា នេះជាលើកដំបូងហើយ ដែលនាំគ្នាជួលផ្ទះសំណាក់បែបរ៉ូមិនទិក ស្នាក់នៅបោះតង់ក្បែរជើងភ្នំ ព្រោះដើម្បីកំសាន្តសប្បាយ បំបាត់ទុក្ខកង្វល់ និងធ្វើឱ្យអារម្មណ៍ភ្លឺថ្លា មានការបែកគំនិតប្រាជ្ញាថ្មីៗថែមទៀ តដែរ ។ នៅថ្ងៃខាងមុខ បើសិនជាការស្នាក់នៅទីនេះ មានអំណោយផលល្អ នឹងបបួលមិត្តភក្តិបងប្អូនឱ្យចូលមកជួលស្នាក់នៅបន្តទៀត ព្រោះអាហារនៅក្នុងរមណីយដ្ឋាននេះ មានតម្លៃសមរម្យ អាច ទទួលយកបាន ហើយផ្លូវចេញចូលក៏ល្អ មិនលំបាកក្នុងការបើកបររថយន្ត ។ អ្វីដែលពួកគាត់ចង់បាន នោះគឺទេសភាពព្រៃភ្នំ បញ្ចេញពណ៌ខៀវស្រងាត់ ធ្វើឱ្យចិត្តរំភើបរីករាយ បំបាត់អផ្សុក ហាក់បី ដូចជាឋានសួគ៌នៅក្បែរខ្លួន ៕