About Me

header ads

អភិបាលខេត្តប៉ៃលិន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះករណីអគ្គីភ័យក្នុងរដូវក្តៅខ្លាំងនេះ

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបន្ទាន់ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ដោយសារតែរដូវនេះ ជារដូវក្តៅខ្លាំង ហើយករណីអគ្គីភ័យនេះតែងតែកើតមានឡើងជាបន្តបន្ទាប់ ដែលជាកត្ដាគួរឲ្យព្រួយបារម្ភ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា «ដោយសាររដូវនេះ គឺជារដូវក្តៅហួតហែងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ខ្លះមាន ការជួបប្រទះនូវការខ្វះទឹកប្រើប្រាស់ ដែលប្រការនេះ លោកធ្លាប់បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតំបន់ ដែលមានការខ្វះខាតទឹក សូមឲ្យមានការប្រុងប្រយ័ត្នក្នុងការចេះរក្សាទឹកទុកប្រើប្រាស់នៅរដូវនេះ ហើយអាជ្ញាធរមូលដ្ឋានរបស់យើង ក៏បានខិតខំធ្វើការដោះស្រាយគ្រប់រូបភាព និងតាមលទ្ធភាពទាំងការអំពាវនាវរកសប្បុរសជន ឲ្យជួយក្នុងការស្ដារអណ្ដូងទឹក ប្រឡាយទឹក និងការជំរុញការតបណ្តាញទឹក ទៅកាន់តំបន់ដែលមានការខ្វះខាតទឹកប្រើប្រាស់នោះផងដែរ»។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍សម្តែងនូវក្តីអាណិតអាសូ និងសោកស្តាយ ចំពោះគ្រួសារប្រជាពលរដ្ឋ ទាំង ០៤គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងស្រុង តែទោះបីជាយ៉ាងណាក៍យើងអាចរក្សាបាននូវអាយុជីវិត ដើម្បីបន្តជីវភាព និងការខិតខំប្រកបអាជីវកម្ម ធ្វើយ៉ាងស្តារសេដ្ឋកិច្ចក្រុមគ្រួសាររបស់យើងឡើងវិញ ហើយអាជ្ញាធរក៍មិនបណ្តោយឱ្យបងប្អូនលំបាកវេទនានោះដែរ។

អំណោយសង្គ្រោះបន្ទាន់ ដែលអាជ្ញាធរខេត្ត បានឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំង ៥គ្រួសារ រួមមាន៖ អង្ករ ១០ការ៉ុង ចង្រ្កានហ្គាស ឆ្នាំង ចាន ចានស្រាក់ មុង ភួយ កន្ទេល កំសៀវ ធុងទឹកកក សំភារៈផ្សេងៗ និងថវិកាចំនួន ១,៥០០,០០០រៀលផងដែរ។

សូមរំលឹកថា៖ នៅក្នុងសប្តាហ៍នេះ មានករណីភ្លើងឆេះព្រៃ ហើយបានឆេះរាល បំផ្លាញដំណាំមៀនប៉ៃលិន រាប់ពាន់ដើម ប៉ុន្តែអាជ្ញាធរខេត្ត បានធ្វើការទប់ស្កាត់ទាន់ពេលវេលា ដែលមិនបណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋទេ ចែកករណីភ្លើងឆេះផ្ទះខាងលើនេះ គឺបណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងទំហំ ០៨ម៉ែត្រ x ៥០ម៉ែត្រ និងសម្ភារៈរបស់របរទាំងស្រុងដូចជា:-ត្រាក់ទរ័ចំនួន ០១គ្រឿង-ម៉ាស៊ីនសំរាប់ដេរសំលៀកបំពាក់ចំនួន ០១ឈុត-ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ និងឈើសំរាប់ទុកសាងសង់ផ្ទះ រួមទាំងរបស់ជាច្រើនទៀតឆេះទាំងស្រុង ៕