About Me

header ads

អាជ្ញាធរខេត្ត គ្រោងស្តារប្រឡាយរំដោះទឹក នៅស្រុកសាលាក្រៅ ដើម្បីបង្ការជំនន់ទឹកភ្លៀងនារដូវវស្សា

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលប្រឡាយ ដែលគ្រោងស្តារ ដើម្បីរំដោះទឹក បង្ការជំនន់ទឹកភ្លៀងនារដូវវស្សា ស្ថិតនៅក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ព្រមទាំងបានធ្វើការសម្របសម្រួលផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរស់នៅតាមមាត់ប្រឡាយផងដែរ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ថា៖ កន្លងមកនៅតំបន់នេះ ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ គឺបណ្តាលឱ្យជន់លេចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលបណ្តាលមកពីប្រឡាយបង្ហូរទឹកតូចចង្អៀត និងរាក់ ហើយកត្តាខ្លះ បណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនតូច បានចាក់ដីរំលោភលុបលើប្រឡាយ បណ្តាលឱ្យស្ទះទឹក ។ ឯកឧត្តមអភិបាលខេត្ត ក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលសង់លំនៅឋានតាមមាត់ប្រឡាយ សូមចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឱ្យផែនការនៃការស្តារប្រឡាយរំដោះទឹកនេះ ទទួលបានភាពជោគជ័យ ពិសេសរំដោះទឹកជំនន់ នៅរដូវវស្សាអោយបានទាន់ពេលវេលា ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស ។

បើតាមការបញ្ជាក់ របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បានឱ្យដឹងថា៖ ការងារស្តារ និងសម្អាតប្រឡាយនេះ មានចំនួន ២ចំនុច ប្រវែងសរុប ៤៩០ម៉ែត្រ និងប្រព័ន្ធលូមូលរំដោះទឹកតាមបណ្តោយផ្លូវជាតិលេខ ៥៩អង្កត់១ម៉ែត្រ ចំនួន ២ជួរ និងមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ៕