About Me

header ads

មុនបុណ្យចូលឆ្នាំចិតវៀតណាម១ថ្ងៃ ប្រជាពលរដ្ឋនាំគ្នាសម្រុកចូលផ្សារ ទិញផ្កាអង្គារសីល និងគ្រឿងសែនព្រេនដល់ជីដូនជីតា

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ជាច្រើននាក់ នាំគ្នាជិះម៉ូតូ និងរថយន្ត ចូលទៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ខណ:មុនថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមឈានចូលមកដល់ថ្ងៃស្អែកនេះ ដោយអ្នកខ្លះទិញដើមផ្កាអង្គារសីល ខ្លះទិញចេក នំចិន ផ្លែឈើ ព្រមទាំងផ្កាភ្ញីយកទៅសែនថ្វាយព្រះរបស់គេផងដែរ ។

បើតាមការរៀបរាប់ពីយុវជនម្នាក់ ឈ្មោះ សុខ គឹមសាន អាយុ២០ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងថា គាត់បានលើកដើមផ្កាអង្គារសីលពីគេ យកទៅលក់ដូរនៅក្នុងផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ទិញយកទៅដាក់នៅក្នុងមុខផ្ទះរបស់គេ ព្រោះគេជឿថា នៅរដូវចូលឆ្នាំចិន បើផ្ទះណាទិញដើមផ្កានេះ យកទៅហើយស្រាប់តែចេញផ្កាព្រោងព្រាត នោះនៅក្នុងគ្រួសាររបស់គេនឹងប្រកបរបររកស៊ីកាន់តែធូរធារកាក់កបផងដែរ ។

ប្រភពបន្តទៀតថា ដើមផ្កាអង្គារសីល ដែលគេលក់នេះ គឺកាប់នៅក្នុងព្រៃ តំបន់ភ្នំខៀវ ហើយការលក់ដូរផ្កា ១ដើម មានតម្លៃចាប់ពី៣៥០០០រៀល រហូតដល់១០០០០០រៀល ព្រោះទិញពីគេមកក្នុងតម្លៃខ្ពស់ បើសិនជាលក់ទាបមិនចំណេញនោះឡើយ ។ គួរឱ្យ កត់សម្គាល់ថា មុនបុណ្យចូលឆ្នាំចិនប៉ុន្មានថ្ងៃកន្លងទៅនេះ ការលក់ដូរផ្កាអង្គារសីល និងគ្រឿងសែនផ្សេងៗ មានការដាច់ច្រើន រួមទាំងសម្លៀកបំពាក់ថែមទៀតផង ។

លើសពីនេះ ប្រជាពលរដ្ឋដែលកាត់ខ្សែស្រឡាយចិន ឬអ្នកធ្លាប់សែនព្រេន គេនាំគ្នាតិញសាច់ជ្រូក និងក្បាលជ្រូក ដោយអាជីវករ បន្ថែមការកាប់ជ្រូកជាច្រើនក្បាលទៀត ក៏នៅតែលក់ដាច់ ព្រោះមានមនុស្សចូលទៅទិញប្លែកមុខខុសពីថ្ងៃធម្មតា ។ ចំណែកផ្លូវចូលទៅទិញឥវ៉ាន់វិញ ស្ទើរតែ ដើរចៀសគ្នាមិនរួច ព្រោះអតិថិជន ដែលចូលទៅទិញឥវ៉ាន់ មានការកើនឡើង រីឯទំនិញមិនមានការ ឡើងថ្លៃខុសពីថ្ងៃមុនៗប៉ុន្មានទេ ។

បើតាមបុរសម្នាក់ ឈ្មោះ អូន ជាម្ចាស់ផ្សារត្រី បានរៀបរាប់ឱ្យដឹងថា នៅកៀកនឹងថ្ងៃបុណ្យចូលឆ្នាំចិន១ថ្ងៃ មានមនុស្សច្រើនណាស់ ចូលទៅទិញឥវ៉ាន់ក្នុងផ្សាររបស់លោក ដែលធ្វើឱ្យអាជីវករ មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះអ្នកខ្លះលក់ដាច់តាំងពីព្រលឹម ហើយខ្លះទៀត កំពុងតែលក់ ដាច់ជាបណ្តើរៗ ជាពិសេសសាច់ជ្រូកតែម្តង ។

ចំណែកសន្តិសុខផ្សារម្នាក់ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានការមមាញឹកនឹងការយាមកាមម៉ូតូ និងរថយន្ត របស់ប្រជាពលរដ្ឋ ព្រោះខ្លាចមានជនខិលខូចបន្លំ លួចយកទៅ ដែលនាំឱ្យមានការខាតបង់ និងលំបាក ដល់ជនរងគ្រោះ ។ លើសពីនេះ សន្តិសុខ ធ្វើយ៉ាងណា ឱ្យស្របតា មភូមិឃុំសុវត្ថិភាព ហើយក៏មានភ្ញៀវមកលេងពីតាមបណ្តាខេត្តនានា និងភ្ញៀវមកពីភ្នំពេញ ចូលទៅលេងក្នុងផ្សារសាមគ្គីផងដែរ ៕