About Me

header ads

ប្រជានេសាទ ១នាក់ក្នុងចំណោម ៤នាក់ត្រូវបានជនប្រដាប់អាវុធបាញ់រះបណ្ដាលឲ្យរបួសធ្ងន់

ខេត្តពោធិ៍សាត់៖ ប្រជានេសាទចំនួន ៤នាក់បានចេញទៅនេសាទត្រី ប៉ុន្តែបានរងរបួស ១នាក់យ៉ាងធ្ងន់ធ្ងរ ដោយសារជនប្រដាប់អាវុធបាញ់រះមកលើ ខណៈពួកគាត់កំពុងធ្វើដំណើរដោយកាណូត ។

ហេតុការណ៍បាញ់បោះបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចក្បែទ្វារបឹង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះមានគ្នាចំនួន ៤នាក់ ទី១ ឈ្មោះ ជុំ ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ សុិន សែ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ មឿន ប្រុស ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងទី៤ ឈ្មោះ បុល ប៊ី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ៤នាក់ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តថា ជនរងគ្រោះនាំគ្នាចេញដំណើរក្នុងគោលបំណងទៅនេសាទត្រី(រាយមងត្រីឆ្លាត) ដោយកាណូតចំនួន ២គ្រឿង លុះទៅដល់ចំណុចកើតហេតុឃើញសមត្តកិច្ចស្លៀកពាក់(ឯកសណ្ឋាននគរបាល) ធ្វើដំណើរដោយកាណូតចំនួន ២គ្រឿងផងដែរ បើកមកជិតក៍លើកកាំភ្លើងបាញ់រះបណ្ដាលឲ្យចំកាណូតខាងក្រោយ ធ្លាយចំឈ្មោះ បុល ប៊ី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ចំនួន ០៤កន្លែង ថ្ពាល់ខាងស្ដាំ ឆ្អឹងចំនីខាងស្ដាំ ចង្កេះខាងស្ដាំ និងកំភួនជើងខាងស្ដាំ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ជនរងគ្រោះបាននាំគ្នាមកផ្ទះរួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានពាក់ព័ន្ធ កំពុងមមាញឹកចុះសួរនាំ និងស្រាវជ្រាវក្នុងករណីបាញ់បោះខាងលើ ៕