About Me

header ads

ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ មានចម្ងាយត្រឹមតែ៧គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន មានម្ហូបអាហារកម្មង់គ្រប់មុខ មានទេសភាពស្រស់ស្អាត អាជ្ញាធរកំពុងអភិវឌ្ឍផ្លូវយ៉ាងមមាញឹក

ខេត្តប៉ៃលិន ៖ បើប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណ៍ ទាំងអស់ចង់ទៅលេងទឹកជ្រោះអូរតាវ៉ៅ ហៅភ្នំខៀវ គឺចេញពីទីរួមខេត្តចម្ងាយប្រមាណ៧ទៅ៨គីឡូម៉ែត្រ ដោយធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងត្បូង ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេតតប៉ៃលិន ដែលអមដោយផ្ទះប្រជាពលរដ្ឋនៅក្បែរដងផ្លូវ មានចម្ការដំណាំ ដាំដុះនៅរបចិញ្ចើមផ្លូវ ដូចជា ដំណាំពោត ដំឡូងមី ដើមស្វាយកែវរមៀត និងដំណាំធុរ៉េនជាដើម ។ លើសពីនេះ បើគេបើកបរម៉ូតូ ឬរថយន្តរហូតទៅដល់កៀកនឹងកន្លែងឡើងលេង (ទឹកធ្លាក់) ហើយក្រឡេកមើលទេស ភាពព្រៃភ្នំ គឺបញ្ចេញពណ៌ខៀវស្រងាត់គួរឱ្យទាក់ទាញដួងចិត្ត និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់នូវក្តីកង្វល់ផងដែរ ។ តែពេលទៅដល់មាត់ច្រកទ្វារ សូមកុំភ្លេចបង់ប្រាក់ថ្លៃ សំបុត្រចូលទស្សនា ឬលេង ទឹកជ្រោះ ដោយម៉ូតូ១គ្រឿង តម្លៃ៣០០០រៀល រថយន្តតូច ១០០០០រៀល រថយន្តទួរីសទេសចរណ៍ ១៥០០០រៀល រថយន្តក្រុង ២៥០០០រៀល និងភ្ញៀវទេសចរណ៍បរទេសម្នាក់ ១ដុល្លារផងដែរ ដោយឡែកភ្ញៀវទេសចរណ៍ខ្មែរ អត់ត្រូវបង់ប្រាក់ចូលទៅលេងនោះទេ ដោយគ្រាន់តែបង់ថ្លៃម៉ូតូប៉ុណ្ណោះ ។

បើតាមការរៀបរាប់ពីយុវជនម្នាក់ ឈ្មោះ ឈីវ វ៉ាន់ណែត ភេទប្រុស អាយុ២៥ឆ្នាំ ជាមេការលក់ ដូរប្រចាំរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវខាងលើ បានឱ្យដឹងថា ពួកគាត់ជួលកន្លែងគេលក់ដូរ នៅក្នុងរមណីយដ្ឋាន ដោយថ្ងៃធម្មតាជួនកាលមានភ្ញៀវច្រើន ជួនកាលមានតិចតួច ថ្ងៃខ្លះមានភ្ញៀវ៥ទៅ៦រថយន្ត ថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍មាន១០ទៅ២០រថយន្ត ដោយសារភ្ញៀវនាំគ្នាទៅលេងតាមរម ណីយដ្ឋានផ្សេងទៀតនៅក្នុងក្រុងប៉ៃលិន ។ ចំណែកនៅរដូវបុណ្យទានវិញ មានភ្ញៀវទេសចរណ៍ចូលទៅលេងជាច្រើនកុះករ មានរថយន្តចាប់ពី៥០ ទៅ៦០រថយន្ត និងរាប់រយផងដែរ មកពីតាមបណ្តាខេត្តនានា ដូចជាបណ្តាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ ប្រភពដដែលបន្តទៀតថា ម្ហូបអាហារនៅក្នុងរមណីយដ្ឋានមួយនេះ ថ្ងៃធម្មតា ក៏ដូចជាថ្ងៃបុណ្យទានដែរ គឺតម្លៃមិនប្រែប្រួលនោះឡើ យ ដូចជា មាន់ស្រែដុត១ក្បាល តម្លៃ៥០០០០រៀល ត្រីដុតក្រវ៉ាញ ៣០០០០រៀល ត្រីបំពង ៣០០០០រៀល ។ ចំណែក ឆាក្តៅសាច់គោ និងសាច់មាន់ ឆាក្រវ៉ាញសាច់គោ និងសាច់មាន់ ឆាព្រៃសាច់គោ និងសាច់មាន់ ឆាង៉ាំង៉ូវសាច់មាន់ ឆាខ្ញីសាច់មាន់ ឆាកែងសាច់គោ និងសាច់មាន់ ឆាឆ្អឹងជំ នីជ្រូក ជូអែម ឡុកឡាក់សាច់គោ ឆាបន្លែគ្រប់មុខសាច់គោ លីងមាន់អំបិលម្ទេស ពងទាត្រីប្រម៉ា ឆាដើមប្រម៉ោយដំរីសាច់គោ សម្លរម្ជូរមិត្តភាពសាច់ត្រី ស្ងោរង៉ាំង៉ូវមាន់ តុងយ៉ាំសាច់មាន់ ស្ងោរជ្រក់សាច់មាន់ និងត្រី  សម្លរម្ជូរគ្រឿងក្រវ៉ាញសាច់គោ សម្លរម្ជូរគ្រឿងសាច់គោ និងមាន់ សម្លរម្ជូរព្រៃសាច់គោ និងមាន់ សម្លរម្ជូរស្រែត្រី សាច់គោអាំងអំបិលម្ទេស សាច់មាន់អាំងអំបិលម្ទេស ភ្លាសាច់គោ ឡាបសាច់គោ ញាំស្វាយបង្គារក្រៀម ញាំស្វាយត្រីឆ្អើរ បុកសណ្តែកត្រីឆ្អើរ បុកសណ្តែកសាច់គោ ខាត់ណាទឹកភ្នែកសាច់គោ ទាំងអស់នេះ ត្រឹមតែតម្លៃ២៥០០០រៀលក្នុង១ចានប៉ុណ្ណោះ ។

ក្រៅពីនេះ មានម្ហូបខាត់ណាប្រេងខ្យង ឆាបន្លែគ្រប់មុខ បាយឡុកឡាក់សាច់គោ ១ចានត្រឹមតែ១៥០០០រៀល ក៏មានបុកល្ហុងក្តាមប្រៃ ១ចាន៥០០០រៀល បុកមឹក ១ចាន៥០០០រៀល បាយឆាសាច់គោ បាយឆាសាច់ជ្រូក ១ចាន៧០០០រៀល បាយឆាផាត់កាផាវ១ចាន១០០០០រៀល និងបាយឆាម្រះព្រៅ១ចាន៧០០០រៀល ។ ម្ហូបដែលពិសេស ពេញនិយម និងលក់ដាច់ជាងគេបំផុត នៅក្នុងរមណីយដ្ឋាននេះ គឺសម្លរម្ជូរដើមចេកព្រៃ សាច់ត្រី និងញាំចេកព្រៃសាច់មាន់ ១ចាន២៥០០០រៀល ។ ចំពោះម៉ូតូ ឬរថយន្ត ដែលភ្ញៀវទេសចរណ៍ជិះទៅលេងរមណីយដ្ឋាននេះ មិនធ្លាប់មានបាត់ ឬមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនោះឡើយ ព្រោះមានសន្តិសុខឈរចាំយាមតាំងពីមុខផ្លូវចូលរហូតដល់កន្លែងលេង រីឯនៅរដូវបុណ្យទានមាននគរបាលផ្នែកទេសចរណ៍ជួយសម្រួលដល់ភ្ញៀវរហូតដល់ចាប់ថ្ងៃបុណ្យ ។  ហើយពេលធ្វើ ដំណើរទៅដល់លើត្រូវបង់ប្រាក់ថ្លៃភ្ញៀវម៉ូតូ១គ្រឿង២០០០រៀល និងរថយន្ត១គ្រឿង៣០០០រៀល ដើម្បីឱ្យសន្តិសុខការពារ ខណ:ចូលទៅលេងទឹកជ្រោះ ។

ប្រភពបញ្ជាក់ថា ចំណែក ផ្លូវមានលក្ខណ:ធំទូលាយជាងមុន តែហុយបន្តិច ព្រោះអាជ្ញាធរកំពុងតែចាប់ផ្តើមធ្វើការឈូសឆាយ អស់រយ:ពេលជិត១ឆ្នាំមកហើយ ក៏មានការហុយពេលរាំងស្ងួត និងរអិលបន្តិចពេលមានភ្លៀងធ្លាក់ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ទឹកធ្លាក់អូរតាវ៉ៅ នាពេលបច្ចុប្បន្នកំពុងធ្វើការអភិវឌ្ឍ ដោយពង្រីកផ្លូវដ៏ធំ ហើយអាជ្ញាធរខេត្ត មានគម្រោងនឹងក្រាលកៅស៊ូ សម្រាប់បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ធ្វើដំណើរចេញចូល ទៅមក ។ លោកបន្តទៀតថា កាលពីមុនរមណីយដ្ឋាននេះ គ្រប់គ្រងដោយក្រមហ៊ុនឯកជន តែរហូត មកដល់ឥឡូវនេះ ហួសសុពលភាព ហើយត្រូវខេត្តយកមកវិញ ដើម្បីត្រៀមដាក់ដេញថ្លៃឱ្យក្រុមហ៊ុន ឯកជនផ្សេងចូលគ្រប់គ្រង ដើម្បីបន្តអភិវឌ្ឍ យកថវិកាចូលជាតិផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នទឹកធ្លាក់ភ្នំខៀវនារដូវប្រាំងនេះ មានទឹកហូរថយចុះបន្តិ ច រីឯនៅរដូវប្រាំងវិញមានទឹកហូរច្រើន បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ចូលទៅលេងកំសាន្តផងដែរ ៕