About Me

header ads

អាជ្ញាធរខេត្តធ្វើការបាញ់ទឹកលាងសម្អាតដងផ្លូវក្បែរច្រកព្រំដែនអន្តរជាតិព្រំ ដើម្បីសោភ័ណ្ឌភាព និងសុខមាលភាពពលរដ្ឋ

ប៉ៃលិន ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១០ អាជ្ញាធរខេត្ត បានធ្វើការបាញ់ទឹកសម្អាតដងផ្លូវលេខ៥៧ នៅក្បែរច្រកព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសោភ័ណ្ឌភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការរួមគ្នាធ្វើអនាម័យបរិស្ថាន និងការលាងសម្អាតផ្លូវសាធារណៈនាពេលនេះ គឺដើម្បីជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យបរិស្ថានក្នុងខេត្ត ជាពិសេសច្រកទ្វារអន្តរជាតិព្រំ ដែលជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត និងទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។

ឯកឧត្តម បញ្ជាក់ថា៖ បច្ចុប្បន្នដោយសារអាកាសធាតុមានការប្រែប្រួល និងការបំពុលបរិស្ថាន ដែលបណ្តាលធ្វើឱ្យខ្យល់បរិយាកាសមិនល្អ ធ្វើឱ្យប៉ះពាល់ដល់សុខភាព ដូច្នេះការលាងសម្អាតផ្លូវនាពេលនេះ ក៍ជាការចូលរួមថែរក្សាអនាម័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងផ្នែកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពោលគឺក្នុងនាមជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹក ម្ចាស់ដី ត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណា  អ្នកនោះសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អត្រឹមត្រូវ និងទុកដាក់ឲ្យបានត្រឹមត្រូវ គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ ធ្នាប់ ពាស វាលពាសកាល នៅតាមទីសាធារណៈនោះទេ ។

សូមបញ្ជាក់ថា៖ ការសម្អាតអនាម័យបរិស្ថាន និងលាងសម្អាតតាមដងផ្លូវនៅក្បែរច្រកទ្វារអន្តរជាតិព្រំនាពេលនេះ គឺបានប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៤គ្រឿង ហើយអភិបាលខេត្តក៍បានឧបត្ថម្ភប្រេង សម្រាប់រថយន្តបាញ់ទឹកចំនួន ៤០០លីត្រផងដែរ ៕