About Me

header ads

សិល្បៈនៃការធ្វើខ្មុកស្មាច់ ឬហៅថា របាំងមុខបុរាណ នៅតែទទួលបានការថែរក្សាពីអ្នកដែលមានចិត្តស្រឡាញ់នូវវិស័យសិល្បៈបុរាណខ្មែរ

ខ្មុកស្មាច់ ឬរបាំងមុខបុរាណ គឺជាវត្ថុសិល្បៈបុរាណខ្មែរមួយប្រភេទដែលទទួលបានការពេញនិយមនាអំឡុងសម័យលង្វែក ដែលគេធ្វើភាគច្រើនគឺសម្រាប់យកមកប្រើប្រាស់ជាព្រះភ័ក្រ្តតួអង្គល្ខោនខោលមួយចំនួននៅក្នុងរឿងរាមកេរ្តិ៍ និងរឿងរាមឥសូរ មានដូចជាតួអង្គ ព្រះរាម ព្រះលក្ខណ៍ ហនុមាន ក្រុងរាពណ៍ ពលស្វា ពលយក្សជាដើម។ ដោយឡែកនាសម័យបច្ចុប្បន្ននេះ ខ្មុកស្មាច់ ហាក់មានភាពកម្សត់កម្រ មិនសូវមានការពេញនិយមដូចសម័យមុននោះទេ។ ទោះបីជាយ៉ាងណាក្តី ខ្មុកស្មាច់ នៅតែទទួលបានការថែរក្សាពីអ្នកដែលមានចិត្តស្រឡាញ់នូវវិស័យសិល្បៈបុរាណខ្មែរ។ លោក ថន ភារម្យ អតីតសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ និងបច្ចុប្បន្នជាអ្នកធ្វើខ្មុកដ៏ជំនាញម្នាក់ បានបញ្ជាក់ប្រាប់ថាជារៀងរាល់ឆ្នាំតែងតែមានសិស្សចាប់អារម្មណ៍រៀនសិល្បៈសូន្យរូប ខ្មុក នេះ តែក៏ត្រូវបានបាត់បង់ទៅវិញ។ ចំណែកឯទីផ្សារនៃការចាប់អារម្មណ៍របស់បងប្អូនមហាជនក៏មានចំនួនតិចតួចប៉ុណ្ណោះ។






ដោយសារតែវត្តមានរបស់សិល្បករផ្នែកសូន្យរូប ប្រភេទខ្មុកស្មាច់នេះ នៅកម្ពុជាមានតិចនៅឡើយ លោក ថន ភារម្យ បានបង្ហាញប្រាប់ពីបំណងចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដែលអាចផ្ទេរចំណេះជំនាញបន្តឱ្យកូនខ្មែរជំនាន់ក្រោយបានចេះ និងស្គាល់ពីទម្រង់សិល្បៈខ្មែរដ៏ល្អមួយនេះ។ តាមការរៀបរាប់ប្រកបដោយអត្ថន័យយ៉ាងពិសេស ខ្មុកស្មាច់ ឬរបាំងមុខបុរាណនេះ ជាសិល្បៈសូន្យរូបមួយប្រភេទ ដែលមហាជនបងប្អូនកម្ពុជាទាំងអស់អាចជាវយកទៅដាក់តាំងនៅគេហដ្ឋាន ឬទីកន្លែងផ្សេងៗដើម្បីបង្ហាញពីសម្រស់នៃភាពច្នៃប្រឌិតរបស់សិល្បៈបុរាណខ្មែរ ក្រៅពីការយកទៅសម្តែងផ្ទាំងទស្សនីយភាពសិល្បៈល្ខោនខោល របាំបុរាណខ្មែរ ឬរបាំត្រុដជាដើម ក្នុងតម្លៃមួយដ៏សមរម្យ ។