About Me

header ads

រថយន្ត​បីគ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំង​សងខាង​

ភ្នំពេញ​៖​ បុរស​ម្នាក់​បេីករថយន្ត​កូរ៉េមួយគ្រឿង​បោះ​យ៉ាង​លឿន​ ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏ជ្រុល​ចង្កូត​ទៅ​ពី​ក្រោយ​រថយន្ត​តាកូម៉ា​មួយគ្រឿង​ និងរុញទៅបុក​ផ្ទុបពីក្រោយ​រថយន្ត​ឡុចស៉ីស​NX300មួយគ្រឿង​ទៀត​ កាលពីវេលា​ម៉ោង​៦និង​១០នាទី​យប់​ ថ្ងៃទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាងមុខ​បុរី​ផាក​លែន​ តាមបណ្ដោយ​ផ្លូវ​៩២​ ស្ថិតក្នុងសង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា​នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​នារី​ពីរ​នាក់​បេីក​បរ​រថយន្ត​មួយគ្រឿងម៉ាក​ ឡុចស៉ីស​NX300 ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BJ-5689​ ដោយធ្វេីដំណេីរ​តាមបណ្ដោយ​ផ្លូវ​៩២​ ក្នុងទិស​ដៅ​ពី​កេីតទៅលិច​។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ​ ក៏បាន​ស៉ីញ៉ូរ​បម្រុង​នឹងបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងបុរីផាកលែន។ ខណៈពេលនោះដែលក៏មានរថយន្តមួយគ្រឿងទៀតម៉ាក​ តូយ៉ូតា​តាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AS-4478​។ ដែល​បើកបរដោយបុរសនារីចំនួន៣នាក់​ ក្នុងទិសដៅស្របគ្នាមកតាមពីក្រោយនិងបានបន្ថយល្បឿនរង់ចាំរថយន្តខាងលើបត់។ ហេីយស្របគ្នានោះដែលក៏ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងទៀតម៉ាក​ KIA ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AE-6530។ ដែលបើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនមកពីក្រោយ​ ដោយខ្វះការប្រុង​ប្រយ័ត្ន​ ជាន់ហ្វ្រាំងមិនទាន់។ ក៏​បណ្ដាលឱ្យជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្តតាកូម៉ាចំពេញទំហឹង​និង​រុញ​ទៅ​បុក​ផ្ទុប​ពីក្រោយ​រថយន្ត ឡុចស៉ីស​NX300ខាងលេី​បន្ត​។

បណ្ដាលឲ្យរថយន្ត​លុចស៊ីសធ្លាក់កាងខាងក្រោយ​រងការខូចខាត​ ចំណែកឯ​រថយន្ត​តាកូម៉ា​បាន​រងការខូចខាត​ក្រពឹត​ទាំង​ផ្នែក​ខាង​មុខ​និង​ខាងក្រោយ​។ ដោយឡែក​រថយន្ត​បង្ក​បាន​រងការខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រងរបួស​នោះ​ទេ​។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏បានចុះ​ទៅ​ដល់​ចំណុច​កេីត​ហេតុ​ និងបាន​អោយភាគី​ទាំង​៣ធ្វើ​ការ​ចរាចរ​សម្របសម្រួល​ ហេីយភាគី​ទាំង​៣ក៏​ព្រម​សម្របសម្រួល​ ដោយ​ភាគី​រថយន្ត​បង្ក​ ព្រម​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅជួស​ជុល​ឲ្យ​ឡើង​វិញ​ដេីម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កេីតហេតុ ​៕