About Me

header ads

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់កីឡាដ្ឋានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី ៨ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាងអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ក្នុងជួរសភាជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតំណាងមូលនិធិណាហ្គាបេះដូងសប្បុរស់ច្រើនរូបទៀត អញ្ជើញចូលរួមក្នុងពិធី ក្រុងពាលីបើកការដ្ឋានសាងសង់កីឡាដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ទាំងយុវជនទាំងប្រជាជនមន្ត្រីរាជការ និងថ្នាក់ដឹកនាំទូទាំងខេត្តសង្ឃឹមយ៉ាងមុតមាំថាខេត្តកំពង់ស្ពឺមិនយូរប៉ុន្មានទៀតទេនឹងទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតក្រៅស្ពានអាកាសឆ្លងជាតិផ្លូវជាតិលេខ៤ ស្ពានឆ្លងស្ទឹង បណ្ណាល័យ ពុះទ្រូងផ្លូវ ធ្វើសួន ធ្វើផ្លូវ ជាដើម ។ល។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះខណ្ឌសីមា បើកការដ្ឋានសាងសង់កីឡដ្ឋាននៅខេត្តកំពង់ស្ពឺ  ដោយមានវត្តមានឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តមអភិបាលខេត្ត និងដៃគូឯកជនជាអ្នកចូលរួមឧបត្ថមក្នុងគម្រោងសាងសង់នេះ។

ការសាងសង់កីឡដ្ឋាន គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាក្នុងខេត្តផ្ទាល់។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា៖ «កីឡដ្ឋាននេះ នឹងក្លាយជាមជ្ឈមណ្ឌលកីឡា ដែលប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព សម្រាប់ប្រជាពលរដ្ឋកំពង់ស្ពឺ ជាពិសេសយុវជនដែលស្រឡាញ់វិស័យកីឡាបាល់ទាត់។»

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា វិស័យកីឡា បាន និងកំពុងលើកមុខមាត់ជាតិកម្ពុជាលើឆាកអន្តរជាតិប្រកបដោយមោទនភាព ហើយក្នុងនោះឯកឧត្តមមានការរំពឹងជឿជាក់ថា កីឡដ្ឋានថ្មីក្នុងខេត្តកំពង់ស្ពឺនេះ នឹងលើកមុខមាត់ខេត្តកំពង់ស្ពឺ តាមរយៈការចូលរួមបង្កើតកីឡាករជម្រើសជាតិ និងកីឡាករឆ្នើមដែលចេញពីខេត្តផ្ទាល់៕