About Me

header ads

ឯកឧត្តម យូ ស៊ុនឡុង និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ច រៀបចំពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩

( ត្បូងឃ្មុំ )នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យរៀបចំពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតក្នុងភូមិដារកណ្តោក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ។

នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានឲ្យដឹងថា បើតាមការគ្រោងទុក ពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារនេះ នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀនសួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

ឯកឧត្តមបន្តថា ពាក់ព័ន្ធការងាររៀបចំពិធីការ និងសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គពិធីទាំងមូលត្រូវត្រៀមលក្ខណៈទទួលភ្ញៀវកិត្តិយសជាតិអន្តរជាតិ និងប្រជាពលរដ្ឋចំនួនប្រមាណ ៨ ពាន់នាក់ ។ ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ ក៏មានកិច្ចប្រជុំពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិត នៃការទទួលខុសត្រូវក្នុងដំណើរការ ពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជា អង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បញ្ជាក់ថា ផ្សារគំរូព្រំដែនដារនេះ នឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅ តាមព្រំដែនកម្ពុជា និងវៀតណាម ។

ផ្សារគំរូដារនេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ ២០១៦ នៅលើផ្ទែដី ១៩,៦២៨ ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ ដុង លុយវៀតណាម ឬប្រមាណជាជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម ៕