About Me

header ads

អាជ្ញាធររាជធានីចេញជាវិធានការ ជាមួយនិងការជំរុញការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសាកល

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចេញជាវិធានការបង្ក្រាបទៅលើល្បែងស៊ីសងគ្រប់ប្រភេទ ការបង្ក្រាប គ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ និង ការជំរុញឲ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសាកល។ 

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញឯ.ឧឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង លោកស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថាបុណ្យគ្រីសស្មាស និងបុណ្យសាកលនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានសប្បាយគឺការរក្សាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជាមួយនិងការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈដែលប្រជាពលរដ្ឋនឹងចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យនេះ។

លោកស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿងញៀន ជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន ។ លោកបញ្ជាក់ថា ល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នាដើម្បីបង្ក្រាប ដូចជាល្បែង ជល់មាន់តាមអនឡាញ ល្បែងជល់មាន់និងកន្លែង និងល្បែងស៊ីសងច្រើនប្រភេទទៀត។ ដើម្បីធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនវិញ លោកបានបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកានេះ ក្រុមសមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនបានចំនួន១៨៧ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣៣៩នាក់ បើប្រៀបធៀបទៅនឹងខែតុលាកើនឡើង៤ ករណី។ ករណីគ្រឿងញៀននេះដែរគឺក្រោយបើកយុទ្ធនាការបង្ក្រាបទៅលើទីតាំងក្លឹបកំសាន្តធំៗមួយចំនួនមក ឃើញថា មានភាពធូស្រាលបន្តិច។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកស ថេត នៅតែបញ្ជាក់ថា ទីតាំងធំៗមួយចំនួននោះមិនប្រាកដថា មិនមានការធ្វើចរាចរគ្រឿងញៀននោះទេ។ដោយសារតែពេលនេះតាមក្លិបធំៗមួយចំនួនណានោះគឺពួកគេធ្វើសកម្មភាពហាក់មានភាពវៃឆ្លាតជាងមុនដែលធ្វើឲ្យយើងពិបាកក្នុងការរកវត្ថុតាង ដើម្បីបង្ក្រាបទៅលើក្លឹបកម្សាន្តធំៗទាំងនោះ។ ប៉ុន្តែទោះបីជាជាយ៉ាងណាក្តីសមត្ថកិច្ចនៅតែខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ការបង្ក្រាបគ្រឿងញៀននេះឲ្យមានប្រសិទ្ធភាព។

លោកស្នងការបានបញ្ជាក់ផងដែរថា តំបន់បឹងកក់ផ្លូវ R៦ ឃើញថា បាននិងកំពុងតែធ្វើសកម្មភាពយ៉ាងសកម្មទៅលើការជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយពួកគេធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្ម បើទោះបីយើងបានបង្ក្រាបជាញឹកញាប់ក្តី។ លោកក៏បានបញ្ជាក់ផងដែរថា បើគិតនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបើប្រៀបធៀបទៅនិងបទល្មើសផ្សេងៗ ឃើញថា បទល្មើសនេះកើនលើសគេរហូតដល់ ៥០%៕