About Me

header ads

រដ្ឋបាលខេត្តកំពតបំផុសស្មារតីយុវជនសិស្សនិស្សិតឱ្យចូលរួមសំអាតអនាម័យបរិស្ថានក្រុង

រដ្ឋបាលខេត្តកំពតបំផុសស្មារតីយុវជនសិស្សនិស្សិតឱ្យចូលរួមសំអាតអនាម័យបរិស្ថានក្រុងនាឱកាសពិធីបុណ្យសមុទ្រឆ្នាំ ២០១៩
      ..................
ដើម្បីរួមគ្នាធ្វើឲ្យកាន់តែប្រសើរឡើងអំពីបញ្ហាអនាម័យបរិស្ថានល្អក្នុងទីក្រុងនាឱកាសអបអរពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំ ២០១៩ នេះឲ្យស្របទៅនឹងប្រធានបទ  «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ។ នៅព្រឹកថ្ងៃទី ១៩ខែធ្នូឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពតបានរៀបចំកម្មវិធីជួបជុំយុវជនសិស្សនិស្សិត កម្មករ ដែលកម្មវិធីនេះ ដឹកនាំដោយលោកជំទាវយូ សុគន្ធអភិបាលរងខេត្តតំណាងឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធលោកគ្រូ អ្នកគ្រូ ដើម្បីធ្វើការអប់រំណែនាំផ្សព្វផ្សាយ បំផុសចលនាស្មារតីផ្នត់គំនិតឲ្យដល់កម្លាំងយុវជនទាំងនោះក្នុងការចូលរួមនៃយុទ្ធនាការសំអាតអនាម័យបរិស្ថានទីក្រុងកំពត។ ពិសេសក្នុងរយៈពេល៣ ថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៨ជុំទី២ ដែលខេត្តកំពតត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនោះតាមការបញ្ជាក់ឲ្យដឹងរបស់លោកជំទាវយូ សុគន្ធអភិបាលរងខេត្ត គឺផ្អែកតាមគម្រោងផែនការដែលរដ្ឋបាលខេត្តបានដាក់ចុះគឺកម្លាំងយុវជនដែលត្រូវចូលរួមក្នុងសកម្មភាពសំអាតអនាម័យបរិស្ថានក្នុងទីក្រុងកំពតរយៈពេលបីថ្ងៃក៏ដូចឱកាសមុននិងក្រោយនៃពិធីបុណ្យសមុទ្រ ក្នុងនោះមានកម្លាំងយុវជនកាយរិទ្ធចំនួន ៥០នាក់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៥០នាក់ យុវជនស្រលាញ់សន្តិភាពចំនួន៥០ នាក់យុវជនកាកបាទក្រហមចំនួន៥០នាក់និងកម្លាំងកម្មករក្រុមហ៊ុនប្រមូលសំរាមក្នុងខេត្តចំនួន១០០នាក់រួមនឹងសិស្សសាលាក្នុងក្រុងកំពតផងដែរ។ ហើយពេលវេលានឹងមុខសញ្ញាទីកន្លែងដែលត្រូវសំអាតអនាម័យគឺត្រូវធ្វើជាប្រចាំរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រ នៅតាមដងផ្លូវ សួនសាធារណៈនិងមុខផ្ទះប្រជាពលរដ្ឋកន្លែងកម្សាន្តនានាក្នុងក្រុងកំពត។ ក្នុងឱកាសនោះដែរលោកជំទាវយូ សុគន្ធ ក៏បានណែនាំផ្ដាំផ្ញើដល់យុវជននិងសិស្សនិស្សិតរួមនិងកម្មករទាំងអស់ដែលជាកម្លាំងចូលរួមក្នុងយុទ្ធនាការនេះ ត្រូវធ្វើយ៉ាងណាបញ្ចេញសកម្មភាពអោយបានសកម្មទាំងអស់គ្នានិងរួមចំណែកជួយបំផុសចលនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានការចូលរួមសំអាត នូវបញ្ហាអនាម័យបរិស្ថានទីក្រុងទាំងអស់គ្នាប្រយោជន៍ធ្វើឱ្យ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើង។ ពិសេសក្នុងឱកាសនៃពិធីបុណ្យសមុទ្ររបស់ខេត្តកំពតមានការសរសើរពីសំណាក់ភ្ញៀវទេសចរនិងក៏ដើម្បីជាប្រយោជន៍សុខភាពសាធារណៈនិងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។