About Me

header ads

ខួបលើកទី២១ ទិវាជនមានពិការកម្ពុជា

ខួបលើកទី២១  ទិវាជនមានពិការកម្ពុជា   នឹងខួបលើកទី៣៧ នៃទិវាជនមានពិការអន្តរជាតិ  បានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា  ក្នុងការរុះរបាំងឧបស័គ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ។

ថ្នាក់ដឹកនាំខេត្តសៀមរាប លើកឡើងថា ៖  យើងទាំងអស់គ្នាមិនគួរប្រើកែវភ្នែក សម្លឹងឃើញតែភាពពិការនៃជនមានពិការភាពនោះទេ  តែត្រូវសម្លឹងគិតដោយវិចារណញ្ញាណ ទៅលើសមត្ថភាពដែលមានរបស់ជនមានពិការភាព ហើយយើងក៏គួរតែផ្តល់តម្លៃជូនចំពោះជនមានពិការភាព ប្រសើរជាងការផ្តល់ត្រឹមតែសេចក្តីអាណិត។

កុ្នងរបាយការណ៍របស់លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានបង្ហាញថា ៖ ទន្ន័យគិតត្រឹមឆ្នាំ២០១៩នេះ  ជនមានពិការភាពនៅខេត្តសៀមរាប មានចំនួនសរុបប្រមាណជាជាង៧ពាន់នាក់ ក្នុងនោះជនមានពិការភាព ដែលកំពុងបានទទួលរបបគោលនយោបាយពីរាជរដ្ឋាភិបាលជិត ៦ពាន់នាក់ ។ លោកប្រធានមន្ទីរ បានបង្ហាញរបាយការណ៍នេះ  នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសនៃការជួបជុំជាមួយជនមានពិការភាព និងអ្នកពាក់ព័ន្ធ ប្រមាណជាង២០០នាក់ ក្នុងឱកាសប្រារព្ធខួបលើកទី២១  ទិវាជនមានពិការភាពកម្ពុជា   នឹង ខួបលើកទី៣៧ នៃទិវាជនមានពិការភាពអន្តរជាតិ ( ៣ធ្នូ ) ក្រោមប្រធានបទ  ” លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន ”  ។ ក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ថា  ជនមានពិការភាពនៅខេត្តសៀមរាប  ត្រូវបានទទួលការផ្តល់សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា ដោយឥតគិតថ្លៃ  ដូចជាការបំពាក់ជើងសិប្បនិម្មិត  បំពាក់ដៃសិប្បនិម្មិត បំពាក់រណបជើង  ផ្តល់ឈើជ្រែងឃ្លៀក  រទេះរុញ  ជាមួយនោះអ្នកជំងឺជាជនមានពិការភាព បានទទួលការព្យាបាលដោយចលនាផងដែរ  ។  ក្នុងឆ្នាំ២០១៩នេះដែរ នៅតាមសហគមន៍នានាក្នុងស្រុកប្រាសាទបាគង  ជនមានពិការភាព ជិត ១ ០០០គ្រួសារ  ទទួលបានរបបគោលនយោបាយជនពិការក្រីក្រ ពីរាជរដ្ឋាភិបាល ។

ឯកឧត្តម ទេស ច័ន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្ត សៀមរាប លើកឡើងថា  យើងទាំងអស់គ្នាមិនគួរប្រើកែវភ្នែក សម្លឹងឃើញតែភាពពិការនៃជនមានពិការភាពនោះទេ  តែត្រូវសម្លឹងគិតដោយវិចារណញ្ញាណ ទៅលើសមត្ថភាពនៃជនមានពិការភាព ហើយយើងក៏គួរតែផ្តល់តម្លៃជូនចំពោះជនមានពិការភាព ជាជាងផ្តល់ឲ្យតឹមតែសេចក្តីអាណិត  ។ ឯកឧត្តមបញ្ជាក់ថា បើយោងតាមខ្លឹមសារ នៃសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ  នៅក្នុងអង្គសន្និបាតបូកសរុប ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០១៤-២០១៨ និង ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣  បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភាពកម្ពុជា  សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសារឲ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង  ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព  និងបានចូលរួមគ្រប់សកម្មភាពសង្គម  ព្រមទាំងការគិតគូរដាក់បញ្ចូលការងារពិការភាពទៅក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត  ផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទាំងថ្នាក់នៅជាតិនិងថ្នាក់ក្រោមជាតិ  វិស័យឯកជន  សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់ជនមានពិការភាពគ្រប់រូបនៅកម្ពុជា ។ ទាំងនេះ គឺជាការប្តេជ្ញាចិត្តប្រកបដោយសុឆន្ទៈ  របស់រាជរដ្ឋាភិបាលកម្ពុជា  ក្នុងការរុះរើរបាំងឧបស័គ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ៕