ភ្លៀងធ្លាក់ខ្លាំង បំផ្លាញផ្លូវទៅច្រកអានសេះ ក្នុងស្រុកជាំក្សាន្ដ ក្មេងតូចម្នាក់ និងម៉ូតូមួយគ្រឿង ត្រូវទឹកគួចហូរយកទៅបាត់

ព្រះវិហារៈ ប្រព័ន្ធសម្ពាធទាប និងឥទ្ធិពលព្យុះទី១៤ កាហ្ស៊ីគី កំពុងជះឥទ្ធិពលនៅប្រទេសកម្ពុជា ដែលនាំឲ្យតំបន់ជាច្រើន ជាពិសេសនៅតំបន់ជួរភ្នំដងរែក មានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់កើតឡើងប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើន។

ជាក់ស្ដែងនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងកំពុងតែវាយប្រហារយ៉ាងខ្លាំង បណ្ដាលឲ្យផ្លូវមួយចំនួនត្រូវទឹកជន់លិច និងរងការខូចខាត។តាមរបាយការណ៍របស់អាជ្ញាធរ ក្មេងម្នាក់ រួមទាំងម៉ូតូមួយគ្រឿង ត្រូវបានទឹកហូរគួចយកទៅបាត់ មិនទាន់រកឃើញសាកសពនៅឡើយទេ រហូតមកដល់ពេលនេះ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ បានថ្លែងអោយដឹងថា ភ្លៀងបានបន្ដធ្លាក់ ក្នុងរយៈពេលមួយសប្ដាហ៍មកហើយ បណ្ដាលឲ្យទឹកលិចនៅ៤គោលដៅ ក្នុងនោះ លិច និងបំផ្លាញផ្លូវប្រវែង១៥០ម៉ែត្រ ឆ្ពោះទៅច្រកអានសេះ, លិចផ្លូវលេខ៦៩, លិចផ្លូវចូលទៅកាន់ភូមិធម្មជាតិ និងលិចផ្លូវចូលទៅឃុំយាង ដែលមិនអាចធ្វើដំណើរបានឡើយ។

លោកក៏បាន បានបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀង ក៏បានហូរគួចយកក្មេងទៅម្នាក់ និងម៉ូតូមួយគ្រឿងរបស់ពលរដ្ឋស្ថិតនៅចំនុចបុស្បូវរហូតមកដល់ថ្ងៃនេះមិនទាន់រកឃើញសាកសពនៅឡើយទេ ហើយអាជ្ញាធរ និងកាកបាទក្រហម បានយកអំណោយជូនសាច់ញាតិជនរងគ្រោះផងដែរ។

សូមបញ្ជាក់ថា ទឹកស្ទឹងសែន គិតមកទល់ថ្ងៃទី៤នេះ ទឹកមានកម្ពស់១0/៥៨ម៉ ជិតដល់ប្រកាសអាសន្ន ហើយ ទឹកត្រូវប្រកាសអាសន្នមាន១១/៥០ម៉ សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕