បើកបរម៉ូតូមិនប្រកាន់ស្ដាំត្រូវរថយន្តមកពីមុខបុកបណ្តាលអោយរងរបួសធ្ងន់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖យុវជនម្នាក់បានរងរបួសដោយសារតែបើកបរម៉ូតូមិនប្រកាន់ស្ដាំហើយត្រូវរថយន្តធ្វើដំណើរបញ្ច្រាស់ទិសគ្នាបុកខ្ទាតម៉ូតូដួលអូសជាង១០ម៉ែត្រ។ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ០៧:៤៥ នាទី ថ្ងៃ អាទិត្យ ០២ រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ ០១ ចន្លោះKmលេខ ១៣០/១៣១ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានរថយន្ដម៉ាក ហុីយ៉ាន់ដាយ ពណ៌ ខៀង ពាក់ផ្លាកលេខ ភ្នំពេញ ៣D ៩៣០៩ បើកបរពីលិចទៅកើត ។

ប្រភពបានបន្តទៀតថា៖លុះមកដល់កន្លែងកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿង ម៉ាក ស៊ុំមើអុិច ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង  ១L  ៨៦០៣ បើកបរដោយឈ្មោះ ម៉ែន សាន ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រោងដំរី ឃុំ ស្វាយចេក ស្រុក រំដួល ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិចដោយមិនប្រកាន់ស្តាំបណ្តាលអោយរថយន្តបុកចំចំហៀងខាងឆ្វេងបែកកង់មុខហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចពីកន្លែងកើតហេតុបន្សល់ទុករថយន្ដនិងម៉ូតូខូចខាតធ្ងន់ ។