បុរសម្នាក់បាត់ពីផ្ទះ១យប់លុះព្រឹកឡើងប្រទះឃើញសាកសព

ភ្នំពេញ៖ បុរសម្នាក់បានចាកចេញពីផ្ទះបាត់១យប់ហើយប្រពន្ធបានខលរកនិងចូលជាច្រើនដងប៉ុន្តែអត់លើកលុះព្រឹកឡើងស្រាប់តែប្រទះឃើញសាកសពដោយបានដេកស្លាប់នៅក្រោមម៉ូតូរបស់ខ្លួន១គ្រឿង ហើយត្រូវបាននគរបាលបញ្ជាក់ថាគាត់ស្រវឹងស្រានិងជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ខ្លួនឯង

សាកសពត្រូវបានកម្មកររោងចក្រប្រទះឃើញកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ត្រង់ចំណុចផ្លូវកោងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។បុរសរងគ្រោះមានឈ្មោះធី អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល មានប្រពន្ធឈ្មោះសាន សុភី អាយុ៣៤ឆ្នាំមានផ្ទៃពោះ៨ខែទៅហើយ។បុរសនេះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BU-2840 ។

ស្រ្តីម្នាក់ត្រូវជាម្ដាយក្មេកបាននិយាយថា ជនរងគ្រោះគឺជាកូនប្រសារគាត់ដែលទើបតែរៀបការជាមួយកូនស្រីគាត់បានរយៈពេលជាង១ឆ្នាំតែប៉ុណ្ណោះហើយពេលនេះកូនស្រីគាត់មានផ្ទៃពោះ៨ខែទៅហើយ។ដោយឡែកនៅវេលាល្ងាថ្ងៃទី២១ ខែសីហា ជនរងគ្រោះបានប្រាប់គាត់និងប្រពន្ធរបស់ខ្លួនថាទៅយកស្មៅគោនៅឯផ្ទះម្ដាយបង្កើតនៅក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បពេលនោះពួកគាត់បានឃាត់មិនឲ្យទៅទេ ព្រោះយប់ទៅហើយ ប៉ុន្តែជនរងគ្រោះមិនព្រមហើយបានចាកចេញទៅបាត់រហូតមិនឃើញត្រឡប់ទៅផ្ទះវិញរហូត ។ខណៈនោះពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់បានព្យាយាមខលរករហូតដែរប៉ុន្តែខលចូលមិនមានអ្នកលើក ហើយក៏គិតថាជនរងគ្រោះដេកនៅផ្ទះម្ដាយបង្កើតទេទើបអត់បានតាមរក តែអ្វីដែលនឹកស្មានមិនដល់ ស្រាប់តែព្រឹកឡើងប្រទះឃើញស្លាប់ក្រោមម៉ូតូបែបនេះទៅវិញ។

នគរបាលបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២១ ខែសីហា បុរសរងគ្រោះបានផឹកសុីជុំគ្នាជាមួយមិត្តភក្ដិរួមការងាររហូតដល់វេលាម៉ោង៧យប់ទើបចាកចេញទៅផ្ទះម្ដាយនៅភូមិអង្គស្នួល ហើយសង្ស័យថាស្រវឹងស្រាទើបជិះម៉ូតូលឿនដល់ផ្លូវកោងបត់មិនទាន់ក៏ធ្លាក់ផ្លូវស្លាប់ដោយខ្លួនឯង ។ពេលនេះក្រុមគ្រួសារមិនមានការប្ដឹងផ្ដល់ទេ ហើយបានយកសាកសពធ្វើបុណ្យតាមប្រពៃណី៕