About Me

header ads

ទើបរៀបការបាន៣ខែត្រូវចរន្តភ្លើងឆក់ស្លាប់ចោលប្រពន្ធ

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗចោលប្រពន្ធ ដែលទើបរៀបការ បាន៣ខែ ខណៈដែលជនរងគ្រោះរូបនេះ ដើរអត់ពាក់ស្បែលជើងទៅរកទឹកផឹក ហើយបាន ជាន់លើដែកដែលប្រពន្ធ កំពុងអង្គុយកាត់ដោយម៉ូទ័រកាត់អគ្គីសនី ហើយមិនបានដឹងថា ដែកនោះ ឆ្លងចរន្តទើបឆក់ស្លាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ក្នុងការដ្ឋាន កំពុងចាប់ផ្តើមកសាងសងមួយកន្លែង តាមផ្លូវលំ ក្រុម៤ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
បុរសរងគ្រោះឈ្មោះ ធឿន ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មាន ប្រពន្ធ ឈ្មោះ ពន រី អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ទើបតែមកធ្វើការបាន២ថ្ងៃ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអេលិច ឃុំច្រណូក ស្រុក  កំពង់លែង ខេត្ត កំពង់ឆ្នាំង ។ ហើយ២នាក់ប្តីប្រពន្ធនេះទៀតសោត ទើបតែរៀបការនឹងគ្នាបាន៣ខែ ។

ស្រ្តីជាប្រពន្ធ បានឲ្យដឹងថាមុនកើតហេតុ មេការសំណង់ បានឲ្យខ្លួននិងកម្មករ ស្រីម្នាក់ ទៀត យកកន្ត្រៃកាត់ដែកសរសៃ ហើយមេការ ក៏ចេញទៅបាត់ ដោយពួកខ្លួនចង់លឿន ឃើញ ម៉ូទ័រកាត់ដែកនៅក្រោយខ្នង ទំនង ក៏ទាញលើកមកធ្វើការកាត់ដែក ស្របពេលនោះ ប្តីរបស់ នាង ដើរពីកន្លែងកាប់រណ្តៅដី ជើងទទេ មករកទឹកហូប នៅកន្លែងដែលនាងអង្គុយកាត់ដែក មិនដឹងថាម៉ូទ័រនោះ ដាក់លើដែក ឆ្លងចរន្តភ្លើងអគ្គិសនី ហើយប្តីនាង ក៏ដើរមកជាន់ដែក បែរជាឆ្លងឆក់តែម្តង ។

តាមសម្តីមេការសំណង់ ឈ្មោះ សួស សុគន្ធ អាយុ ៣៨ឆ្នាំ ស្នាក់នៅ ភូមិតាងួន សង្កាត់ កាកាប១ មានស្រុក ភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឲ្យដឹងថា មុនកើតហេតុ ហើយមុននឹងគាត់ចេញទៅ មើលការដ្ឋានសំណង់មួយកន្លែងទៀត គាត់ បាន ប្រើឲ្យកម្មករស្រី២នាក់យកកន្ត្រៃ កាត់ដែកសរសៃ ដើម្បីត្រៀមចាក់បង្គោលរបង ការដ្ឋាន ខាងលើ គាត់ផ្តាំហើយផ្តាំទៀត មិនឲ្យស្រីៗ ប្រើប្រាស់ម៉ូទ័រកាត់ដែកទេ ព្រោះខ្លាច ផ្លែកាត់ បែកបាក់ ឬមានបញ្ហាយ៉ាងណាមួយ ស្រាប់តែនៅម៉ោងខាងលើ កម្មករទូរស័ព្ទប្រាប់ថា មាន កម្មករឆក់ខ្សែភ្លើងទៅវិញ ។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ និង រាយការណ៍ទៅ សមត្ថកិច្ចជំនាញ ចុះមកពិនិត្យ កោសល្យវិច័យ មុននឹងប្រគល់ សាកសព ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕