About Me

header ads

ភ្ញាក់ផ្អើលទាំងព្រឹក ដោយសារប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់នៅមុខផ្ទះពលរដ្ឋ

ខេត្តកំពត៖ ស្ត្រីម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ ដោយពុំដឹងមូលហេតុច្បាស់លាស់ ប៉ុន្តែបើតាមការអះអាងពីអ្នកភូមិ និយាយថាស្ត្រីរងគ្រោះខាងលើ អាចស្លាប់ដោយសារផឹកស្រាមិនហូបអាហារ ហើយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ជីវ ធូ ដែលមានចម្ងាយពីផ្ទះស្ត្រីរងគ្រោះប្រមាណជាង១០០០ម៉ែត្រ។

តាមប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថាជនរងគ្រោះនេះ មានឈ្មោះ ចិន សុភី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាស្ត្រីម៉េម៉ាយរស់នៅម្នាក់ឯង គ្មានកូនចៅណាម្នាក់រស់នៅជាមួយទេព្រោះកូនៗទាំងអស់ទៅធ្វើការនៅខេត្តឆ្ងាយៗអស់ទៅហើយ។

បើតាមប្រភពដដែល បានបញ្ជាក់ទៀតថាកន្លងមក ស្ត្រីរងគ្រោះ តែងតែផឹកស្រាមិនសូវហូបអាហារទេ ហើយការស្លាប់នេះ សង្ស័យយប់មិញ ស្ត្រីរងគ្រោះផឹកស្រាច្រើន ប៉ុន្តែមិនហូបបាយ ហើយដើរចេញពីផ្ទះបំណងទៅផ្ទះម្តាយរបស់គាត់ដែលនៅឆ្ងាយពីគ្នាប្រមាណជាងមួយគីឡូម៉ែត្រ តែទៅមិនរួច ទើបដួលស្លាប់នៅមុខផ្ទះរបស់អ្នកភូមិតែម្តងទៅ។

ពាក់ព័ន្ធនិងករណីស្ត្រីម្នាក់ស្លាប់ខាងលើ សមត្ថកិច្ច ក៏បានចុះទៅពិនិត្យធ្វើកោសល្យវិច័យសពដោយហ្មត់ចត់ខ្លាចក្រែងការស្លាប់នេះទាក់ទិននឹងអំពើឃាតកម្មណាមួយ ប៉ុន្តែក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ច បានបញ្ជាក់អះអាងថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារខ្យល់គរ ព្រោះហូបស្រាស្រវឹងមិនហូបបាយ ទើបបណ្តាលឲ្យវិលមុខដួលស្លាប់នៅពេលយប់គ្មានអ្នកណាដឹង។

លុះព្រឹកឡើង ទើបអ្នកភូមិប្រទះឃើញបង្កការភ្ញាក់ផ្អើលតែម្តង។ បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចដឹកទៅកាន់លំនៅដ្ឋានរបស់សព ដើម្បីប្រគល់ឲ្យកូនចៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។