About Me

header ads

អ្នកបកប្រែចិន បើករថយន្តបុកក្បាលនាគ បាក់ទ្រូងផ្លូវ៣កង់ ស្លាប់ខ្លួនឯង

ភ្នំពេញ ៖ រថយន្តmorning មួយគ្រឿងបើកបោះពួយល្បឿនលឿន ជ្រុលគេចមិនទាន់ ទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវ បាក់ខ្ទេច៣កង់ ខ្ទេចទាំងរថយន្ត ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក morning ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9375 មានម្ចាស់អ្នកបើកបរឈ្មោះ ម៉ុន តៃជរ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ បកប្រែចិន រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មិនដឹងថា ជនរងគ្រោះស្រវឹង ឬងងុយដេក ទើបជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចផ្ទុះគ្រាប់បែក រថយន្តវិលមួយជុំ ក្បាលនាគ ទ្រូងផ្លូវ បាក់ បែក អស់ចំនួន៣កង់ អ្នកបើកបរស្លាប់ភ្លាមៗនៅក្នុងរថយន្ត ទោះជា ពលរដ្ឋជួយទាញចេញ ប៉ុនប៉ង យកទៅសង្គ្រោះ ក៏មិនទាន់ផង ។

បើតាមសាច់ញាតិ មិត្តភ័ក្ររួមការងារ បានឲ្យដឹងថា ពួកគាត់ មិនបានឃើញជនរងគ្រោះ ដេកស្នាក់នៅបន្ទប់ជួលដែរ កាលពីយប់មិញ មិនដឹងថា ជនរងគ្រោះទៅដេកឯណាដែរ ស្រាប់តែ នៅវេលាម៉ោងខាងលើ ឮដំណឹងថាជនរងគ្រោះជួបរឿងអកុសលបែបនេះទៅវិញ ។

ក្រោយកើតហេតុ សាច់ញាតិ មិត្តភ័ក្ររួមការងារ ទៅដល់កន្លែងកើតហេតុទាំងអារម្មណ៍ក្តុកក្តួល ដោយមិននឹកស្មានដល់ សមត្ថកិច្ចចុះពិនិត្យ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ ដោយឡែករថយន្តត្រូវបានសមត្ថកិច្ច ស្ទូចលើកយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងឯកសារទៅតាមនីតិវិធី ៕