About Me

header ads

ព្រលឹងចុងសក់! ភ្ជួរដីសុខៗ ស្រាប់តែផ្ទុះមីន បណ្ដាលឲ្យរបួសធ្ងន់

ខេត្តកណ្ដាល៖ បុរសអ្នកបើកត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបាននគរបាលបញ្ជូនទៅកាន់គ្លីនិកឯកដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែដោយសារតែស្ថានភាពរបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ។ខណៈដែលគាត់បើកត្រាក់ទ័រ១គ្រឿងភ្ជួរដីស្រែមួយកន្លែងកិនចំមីនតោន១គ្រាប់ បណ្ដាលឲ្យផ្ទុះលាន់កក្រើកមេឃតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច វាលស្រែស្ថិតនៅក្នុងភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។បុរសរងគ្រោះឈ្មោះធី ទី អាយុ៣៣ឆ្នាំមុខរបរបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីស្រែមានទីលំនៅនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះត្រូវបានអ្នកភូមិចំការជានោះជាច្រើននាក់ជួលឲ្យភ្ជួរដីដើម្បីធ្វើស្រែ លុះដល់ព្រឹកថ្ងៃកើតហេតុបុរសនេះបានភ្ជួរដីស្រែឲ្យលោកយាយម្នាក់ឈ្មោះទេព្យ សំអុល អាយុ៧១ឆ្នាំ។ខណៈនោះភ្ជួរជិតរួចទៅហើយនៅសល់បន្តិចប៉ុណ្ណោះស្រាប់តែកង់ក្រោយត្រាក់ទ័របានកិនចំមីនតោន១គ្រាប់កប់ក្នុងដីស្រែនោះ បណ្ដាលឲ្យផ្ទុះលាន់កក្រើកមេឃតែម្ដង ហើយត្រាក់ទ័រនោះបានប៉ើងខ្ទាតចេញពីក្នុងស្រែព្រមទាំងដាច់បំណែកតូចធំហោះហើររប៉ាត់រប៉ាយពាញមេឃធ្លាក់ចម្ងាយប្រមាណជា១០០ម៉ែត្រជុំវិញកន្លែងកើតហេតុថែមទៀតផង។

ប្រភពដដែលបានបន្តថា ចំណែកឯបុរសដែលជាអ្នកបើកបរបានខ្ទាតធ្លាក់នៅជិតនោះរងរបួសយ៉ាងធ្ងន់ធ្ងរដាច់សាច់ភ្លៅដាចាច់ម្រាមជើង និងរយះដៃ ហើយត្រូវបាននគរបាលបញ្ជូនទៅកាន់គ្លីនិកឯកដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែដោយសារតែស្ថានភាពរបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ ។អ្នកភូមិបានប្រាប់ថាតំបន់នោះ គឺជាអតីតសមរភូមិក្ដៅនៃការប្រយុទ្ធគ្នារវាងកងទ័ពលន់នល់និងកងទ័ពខ្មែរក្រហមនាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ហើយក៏ស្ថិតនៅជិត អតីតបន្ទាយកងទ័ពលោកសេនាប្រមុខលន់នល់ទៀតផង។ចំណែកមីនតោនដែលផ្ទុះបង្កគ្រោះថ្នាក់នាពេលនេះសង្ស័យបន្សល់ទុកតាំងពីសម័យសង្គ្រាមនោះមកម្ល៉េះ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលស្រុកអង្គស្នួលនិងនគរបាលប៉ុស្តិ៍ពើកបានចុះទៅកាន់ទីនោះរួចបានរាយការណ៍ជូនថ្នាក់លើនិងអង្គភាពកំចាត់មីនសុីម៉ាក់ដើម្បីចុះពិនិត្យជាក់ស្ដែងព្រមទាំងរុករកគ្រែងមានគ្រាប់មិនទាន់ផ្ទះនៅជិតនោះទៀត៕