រឿង​ អមតៈស្នេហ៍ ​​រឺ ជ្រោះស្នេហា​

រឿង​ អមតៈស្នេហ៍ ​​រឺ ជ្រោះស្នេហា​

រឿង អមតៈ ស្នេហ៍ ជាប្រភេទរឿងពីររសជាតិ គឺសម័យបូរាណលាយជាមួយនឹងសម័យបច្ចុប្បន្ន បូកបញ្ចូលដោយហេតុការណ៍ចម្លែកៗ អភិនីហារ  រ៉ូមែនទិច មនោសញ្ចេតនា កំប្លែង ឌឺដង កាច់កុង កល់ល្បិច រវាងមនុស្សល្អ និងមនុស្សអាក្រក់  ធ្វើឱ្យសាច់រឿងទាំងមូលកាន់តែមានសោភ័ណសម្ផស្ស...។

នៅ សតវត្សរ៍ទី ១៥ មានស្នេហាប្តីប្រពន្ធមួយគូ ពួកគេមានចិត្តមួយ ថ្លើមមួយ ស្រឡាញ់គ្នាខ្លាំងណាស់។ អធ្រាត្រ ដែលជាប្តី មានរូបសម្បត្តិស្រស់សង្ហា ព្រមទាំងមានចំណេះវិជ្ជាខ្ពង់ខ្ពស់ទៀតផង  ទើបធ្វើធ្វើឱ្យពួកស្រីៗ មានការចាប់អារម្មណ៍ទៅលើគេមែនទែន។  ចំណែក ចន្ទ្រា ជាប្រពន្ធរបស់អធ្រាត្រ  នាងមានរូបសម្រស់ស្រស់ដាច់គេនៅក្នុងភូមិ ថែមទាំងជាមនុស្សដែលចេះយល់ការ មានភក្តីភាពស្មោះស្មោះត្រង់ចំពោះប្តី  ទោះប្តីចេញទៅឆ្ងាយដើម្បីសិក្សារៀនសូត្រ ក៏នាងគ្មានចិត្តវៀចវេទៅលើបុរសឯទៀត ដែលមកចោមរោមញ៉ែញ៉ងនាងដែរ។  ចន្ទ្រាមានជំនាញលេងឧបករណ៍តន្ត្រី សាដៀវ បានយ៉ាងពីរោះ និងពូកែធ្វើម្ហូបឆ្ងាញ់ទៀតផង។ ព្រោះតែរូបសម្បត្តិ និងចរិយាសម្បត្តិដ៏ល្អរបស់ប្តីប្រពន្ធមួយគូនេះ បានធ្វើឱ្យកូនសេដ្ឋីអ្នកមានទ្រព្យសម្បត្តិមហាលសាល ០២ នាក់ ម្នាក់ឈ្មោះ នាយរាហ៊ូ  ម្នាក់ទៀតឈ្មោះ នាងឧប្បល  នាយរាហ៊ូមានចិត្តស្រឡាញ់ចំពោះចន្ទ្រាណាស់  ឯនាងឧប្បលក៏មានចិត្តស្រឡាញ់អធ្រាត្រណាស់ដែរ។ ពួកគេទាំងពីរនាក់បងប្អូនជីដូនមួយ ក៏ចាប់ផ្តើមបង្កើតល្បិចកល់ដើម្បីបំបែកបំបាក់ប្តីប្រពន្ធមួយគូនេះ។  ទោះពួកគេខំរកល្បិចផ្សេងៗយ៉ាងណាក៏ដោយ  ក៏មិនអាចបំបែកនូវចិត្តភក្តីភាពដ៏ស្មោះស្ម័គ្ររបស់អធ្រាត្រ និងចន្ទ្រាបានឡើយ។  ដោយទាល់គំនិតមិនអាចដណ្តើមយកប្តីប្រពន្ធមួយគូនេះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន  ឧប្បលក៏ផ្តល់គំនិតឱ្យរាហ៊ូចាប់រំលោភចន្ទ្រា  រាហ៊ូក៏ព្រមធ្វើតាមទាំងចិត្តមិនចង់បំពានចន្ទ្រា  ព្រោះគេក៏ជាមនុស្សឱ្យតម្លៃលើមនុស្សដែលខ្លួនស្រឡាញ់ដែរ។  ពេលដែលរាហ៊ូប្រុងចាប់រំលោភចន្ទ្រា  សំណាងល្អណាស់បានអធ្រាត្រមកជួយទាន់ពេលវេលា  ក៏ធ្វើឱ្យបំណងរបស់រាហ៊ូ និងនាងឧប្បលត្រូវបរាជ័យទាំងស្រុង។  ក្រោយពីផែនការណ៍បរាជ័យ រាហ៊ូក៏ដល់ផ្លូវទល់ច្រក នាយខ្លាចអធ្រាត្រសម្លាប់ខ្លួន  ក៏ចាប់ចន្ទ្រាធ្វើជាចំណាត់ខ្មាំង  ពេលនោះអធ្រាត្រមានការតក់ស្លុត និងភ័យណាស់ ក៏លុតជង្គង់ថ្វាយបង្គំរាហ៊ូ ដើម្បីឱ្យរាហ៊ូដោះលែងចន្ទ្រា។  ចន្ទ្រាឃើញរាហ៊ូប្រមាថជាន់ក្បាលប្តីបែបនេះ  នាងមានការឈឺចាប់ណាស់។ អធ្រាត្រឃើញឱកាសល្អដែលរាហ៊ូភ្លេចខ្លួន នាយក៏ប្រើដាវយ៉ាងរហ័សចាក់ចំពោះរាហ៊ូ  ស្របពេលនោះមានហេតុការណ៍ចម្លែកកើតឡើង  ខ្យល់បក់ខ្លាំង ( ហើយមានរង្វង់ខ្មៅខ្មាញ់ខ្មួលនៅលើមេឃ ) ភ្លាមៗក៏ស្រាប់តែបក់កួចពួកគេទាំងបីនាក់ឱ្យធ្លាក់ចូលទៅក្នុងទឹកបាត់ស្រមោលពីទីនោះទៅ ។

ពួកគេមិនដឹងថាបានឆ្លងពេលវេលាមកដល់ សតវត្សរ៍ទី ២១ ឡើយ។ មកដល់ទីនោះ ពួកគេម្នាក់ៗដូចជាមនុស្សឆ្កួកអញ្ចឹង  ហើយក៏មិនជឿថាខ្លួនបានឆ្លងពេលវេលាមកដល់សម័យថ្មីនេះដែរ។ សម័យថ្មីនេះ ពួកគេបានវង្វេងបែកពីគ្នាអស់ មិនដឹងថាម្នាក់ៗបាត់ទៅណាទេ។ អធ្រាត្រស្វាស់ស្វែងរកចន្ទ្រាគ្រប់ច្រកល្ហក រហូតបានជួបចន្ទ្រា  តែនាងមិនទទួលស្គាល់អធ្រាត្រថាជាប្តីទេ ព្រោះនាងបានជួបគ្រោះថ្នាក់រហូតដល់បាត់ការចងចាំ។ នាយស្មានថាប្រពន្ធភ្លេចខ្លួនទៅហើយ  មួយថ្ងៃៗនាយក្រៀមក្រំចិត្តណាស់។  

លោកសឿម ជាប្រធានក្រុមងហ៊ុនដ៏ធំ និង អ្នកស្រីម្លិះ ដែលជាប្រពន្ធ បានបើកឡានបុក ចន្ទ្រា បណ្តាលឱ្យនាងបាត់ការចងចាំ  ហើយពួកគាត់ទាំងពីរនាក់មានការយល់ច្រឡំ ដោយស្មានថាចន្ទ្រាជាកូនស្រីរបស់គាត់ឈ្មោះ លីដា ដែលបានបាត់ខ្លួនទៅ។  គាត់ក៏យកចន្ទ្រាមកនៅជាមួយ ដោយមានការទំនុកបម្រុង រៀនសូត្រគ្រប់បែបយ៉ាង។  

ចំណែក រាហ៊ូ និងនាងឧប្បល មកដល់សម័យកាលថ្មីនេះ  ពួកគេនូវតែមិនបោះបង់ឆន្ទៈនៅសតវត្សរ៍ទី ១៥ ដដែល  គឺតាមឈ្នានីស បំបែកបំបាក់ចន្ទ្រា និងអធ្រាត្រឱ្យខានតែបាន។ ល្បិចថ្មីៗបានកើតឡើងជាបន្តបន្ទាប់ បូករួមជាមួយមហិច្ឆិតាចង់ក្តោបក្តាប់ក្រុមហ៊ុនរបស់មនុស្សសម័យថ្មីផង  ពួកគេក៏បានទៅពឹងពាក់គ្រូមន្តអាគមឈ្មោះ ក្រាក់ ឱ្យជួយ ដើម្បីបង្កើនឫទ្ធអំណាចរបស់ខ្លួន។

អធ្រាត្រមិនអស់ចិត្តរឿងចន្ទ្រា ( ចន្ទ្រា ឈ្មោះថ្មី លីដា ) ធ្វើមិនស្គាល់គេសោះ នាយក៏ពឹង នាយដន ដែលជាមិត្តសម្លាញ់ធ្វើយ៉ាងណាជួយឱ្យខ្លួនអាចទៅនៅក្បែរចន្ទ្រាបាន ដើម្បីពិសោធន៍ចិត្តនាងមើល ថាពិតជាចន្ទ្រា ឬមិនមែន។ នាយដនព្រមតាមសំណើរមិត្ត ក៏បានទាក់ទងទៅលោកសឿមដែលជាដៃគូសហការរកស៊ីរបស់ខ្លួន សុំឱ្យអធ្រាត្រ និងមិត្តម្នាក់ទៀតឈ្មោះ នាយផាន់  ឱ្យចូលធ្វើជាសន្តិសុខ ការពារក្រុមហ៊ុន និងការពារលីដា  ព្រោះខ្លាចរាហ៊ូតាមធ្វើទុកបុកម្នេញ។ លោកសឿមពេញចិត្តសំណើរនេះណាស់  តែលីដា និងគូដណ្តឹងរបស់នាងឈ្មោះ នាយវីដ មិនពេញចិត្តទាល់តែសោះ។

អធ្រាត្រមកធ្វើជាអ្នកការពារលីដា  ដោយការពេញចិត្ត  តែលីដាមានអារម្មណ៍ទើសទាល់ មិនចូលចិត្តចរិតបូរាណចម្លែករបស់អធ្រាត្រអធ្រាត្រឡើយ។ តែដោយសាររាហ៊ូ និងនាងឧប្បល តាមរំខានជីវិតនាងពេក ក៏បានអធ្រាត្រជួយនាងគ្រប់ពេលផង  លីដាក៏ចាប់ផ្តើមមានអារម្មណ៍ល្អលើអធ្រាត្រខ្លះៗដែរ។  អធ្រាត្រនាំលីដារត់គេចពីការធ្វើបាបរបស់រាហ៊ូ មកដល់កន្លែងស្ងាត់មួយ  នាយឃើញសត្វល្អិតបម្រុងខាំកលីដា  ប្រុងលូកដៃទៅចាប់សត្វនោះ នាងស្មានថានាយចង់បំពានលើដើមទ្រូង ក៏ទាញដៃអធ្រាត្រមកខាំរហូតដល់ឈាម  ពេលកំពុងតែខាំនោះ ស្រាប់តែមានអារម្មណ៍នឹកឃើញដល់សតវត្សរ៍ទី១៥ រឿងរ៉ាវស្នេហារបស់ពួកគេទាំងពីរ និងពេលដែលខាំដៃស្បថសច្ចា សូមឱ្យស្នេហាពួកគេ ជាស្នេហាអមតៈ ។ អធ្រាត្រមានអារម្មណ៍រំភើប និងត្រេកអរណាស់ ដែលចន្ទ្រាចងចាំរូបគេឡើងវិញ  ហើយពួកគេក៏បានបន្តស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេឡើងវិញដែរ។

រាហ៊ូ និងឧប្បល អុកឡុកសម័យថ្មីសម្បើមណាស់   ដោយមានការបារម្ភពីសុវត្ថិភាពមនុស្សស្លូតត្រង់ ពួកអធ្រាត្រក៏រកវិធីដើម្បីបញ្ចូន រាហ៊ូ និងឧប្បលឱ្យទៅសតវត្សរ៍ទី១៥វិញ។ នាយដនក៏ប្រើ ក្លំបូរាណ ដែលខ្លួនរើសបានពីប្រាសាទបូរាណ  បូកផ្សំជាមួយនឹង មន្តអាគម របស់នាយផាន់ផង ក៏ធ្វើឱ្យមានហេតុការណ៍កើតឡើង ( រង្វង់ខ្មៅក៏បានបើកចំហរម្តងទៀត )  ក៏នាំពួកគេឱ្យទៅសតវត្សរ៍ទី ១៥ អស់ទៅ  ទោះរាហ៊ូ និងឧប្បលមិនចង់ទៅក៏ដោយ ក៏មិនអាចនៅសម័យទំនើបនេះបានទៀតដែរ។ 

នៅសតវត្សរ៍ទី១៥ គ្រួសាររបស់រាហ៊ូ និងឧប្បលបានអស់អំណាចទៅហើយ   ហើយឧប្បល និងរាហ៊ូ ក៏ត្រូវបានកាត់ទោសប្រហារជីវិតទៅ។ ចាប់ពីពេលនោះមក អធ្រាត្រ និងចន្ទ្រាក៏បានរួមស្នេហារបស់ពួកគេដោយសុខសាន្ត ហើយក៏គ្មានអ្នកណាមករំខានស្នេហារបស់ពួកគេទៀតដែរ....៕







Copyright © TV5HD Cambodia | Distributed by Blogger Templates | Designed by OddThemes