សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រគល់អណ្តូងទឹកស្អាតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៤អណ្តូងបន្ថែមទៀត ជូនដល់សហគមន៍ប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អជ្ញាធរស្រុក ឃុំ ភូមិ និងយុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងប្រគល់អណ្តូងទាំងស្អាតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៤អណ្តូងបន្ថែមទៀតមានលេខរៀងទី២២, ២៣, ២៤ និងទី២៥ ជូនដល់សហគមន៍ប្រជាពលរដ្ឋក្នុងភូមិអូរឈើក្រំ ភូមិអូររអិល ឃុំស្ទឹងកាច់ និងភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រាប់ប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងសហគមមូលដ្ឋាន។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខា បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស:គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះស្រាយឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត បានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការការពារការឆ្លងវីរុសកូវីដ១៩ តាមរយៈ ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន។

ម្យ៉ាងទៀតលោកជំទាវ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិន
បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូន។

សូមបញ្ជាក់ថា: សម្រាប់ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអណ្តូងទឹកស្អាតដល់សហគមន៍ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅជនបទដាច់ស្រយ៉ាលទូទាំងខេត្តប៉ៃលិន មានចំនួន ៤៤អណ្តូង ដោយបានសាងសង់រួចរាល់ជាស្ថាពរ និងបានប្រគល់ជូនដល់សហគមន៍មកដល់ពេលនេះមានចំនួន ៩អណ្តូងផងដែរ។

នីយ៉ា