About Me

header ads

បើកបរយានយន្តគ្មានភ្លើងបំភ្លឺពេលយប់ ក្នុងផ្លូវច្រាស់ទិសគ្នា បណ្ដាលឲ្យបុកពេញទំហឹង ស្លាប់ម្នាក់នៅនឹងកន្លែង

ខេត្តប៉ៃលិន ៖ យុវជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈបើកបរម៉ូតូពេលយប់អត់មានភ្លើងបំភ្លឺ បានបុកជាមួយរថយន្តច្នៃគ្មានភ្លើងបំភ្លឺដូចគ្នា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ៣០នាទីព្រលប់ ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩  ស្ថិតនៅចំណុចអូរត្រែង ក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា រថយន្ត និងម៉ូតូបានបើកច្រាស់ទិសគ្នាក្នុងល្បឿនលឿន ដោយសារគ្មានភ្លើងបំភ្លឺផ្លូវដូចគ្នា ធ្វើឲ្យអ្នកបើកបរមើលផ្លូវមិនច្បាស់ ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ប្រភពបន្តថា អ្នកបើករថយន្ដកែឆ្នៃឈ្មោះ នាក់ ផាន់ ភេទប្រុស អាយុ២១ឆ្នាំ គ្មានរបួស មានទីលំនៅបច្ចុប្បន្នក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរពីជើងទៅត្បូងមិនមានភ្លើងហ្វាសម្រាប់បំភ្លឺពេលយប់ ។

 អ្នករួមដំណើរ ឈ្មោះ ធន ភេទប្រុស អាយុ៣០ឆ្នាំ  គ្មានរបួស រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកជនរងគ្រោះឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកHonda Dream C125 សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ប៉ៃលិន 1A-3161 បើកបរពីត្បូងទៅជើងមិនមានភ្លើងបំភ្លឺដូចគ្នា បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការវាស់វែង រួចយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕