About Me

header ads

ក្បាលរថយន្តសណ្តោងកុងតឺន័របើកលឿនបួងចង្កូតបត់មិនទាន់បុកចូលផ្ទះជាងក្រឡឹងសំណាងមិនមានអ្នកគ្រោះថ្នាក់

ភ្នំពេញ៖ក្បាលរថយន្តសម្រាប់សណ្ដោងរ៉ឺម៉កដឹកទូកុងតឺន័រ១គ្រឿង បើកបរក្នុងល្បឿនលឿន បត់ចូលទៅតាមផ្លូវបេតុងមួយកន្លែង ប៉ុន្តែបួងចង្កូតមិនទាន់ក៏ជ្រុលបុកចូលផ្ទះជាងក្រឡឹង ព្រមទាំងផ្ទះពេទ្យធ្មេញ និងផ្ទះជាងកាត់សក់។ បណ្តាលឲ្យរងខូចខាតផ្ទះនិងសម្ភារៈមួយចំនួននៅក្នុងផ្ទះនោះផងដែរ ប៉ុន្តែជា សំណាងល្អមិនបានបណ្ដាលឲ្យម្ចាស់ផ្ទះត្រូវរងគ្រោះឡើយ។

ហេតុការណ៍នេះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។រថយន្តបង្ក ជាប្រភេទ ក្បាលអូសកុងតឺន័រ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1221 បើកបរដោយយុវជនម្នាក់ ។

តាមសម្តីស្ត្រីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ គ្រាន់តែគាត់វិលយកកូនចេញពីសាលារៀនវិញ ចូលផ្ទះផុត ស្រាប់តែ រថយន្តបង្ក បើកចូលមកដល់ក្នុងផ្ទះដែរ ភ័យស្លន់អូសដៃកូន២នាក់រត់គេចផុត ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍វិញ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកបរល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចខាងលើ បួងចង្កូតបំណង់ចូលទៅផ្លូវ បុរីផុន ស៊ុយ តែល្បឿននៃរថយន្តលឿនពេក ទើបយកចង្កូតមិនទាន់ ជ្រុលបុកចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង សំណាងល្អគ្មានអ្នករងរបួស ។

តាមសម្តីយុវជនជាអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ ខ្លួនបើករថយន្តក្នុងបំណងចូលទូអូសទូកុងតឺន័រ តែយកចង្កូតមិនទាន់ក៏ជ្រុលបែបនេះ ។
ក្រោយកើតហេតុ ភាគីខាងតំណាងក្រុមហ៊ុនរថយន្តបង្ក ចេញមុខមកសម្របសម្រួល ដោយចេញសងរាល់ការខូចខាត សម្ភារៈ និងជួសជុលជញ្ជាំង សំយ៉ាបផ្ទះ ទាំងផ្ទះជាងក្រឡឹង ផ្ទះពេទ្យធ្មេញ និងផ្ទះកាត់សក់ ក្រោមការឯកភាពគ្នាជាមួយភាគីម្ចាស់ផ្ទះ ៕