About Me

header ads

បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តដែលបត់ចូលការិយាល័យក្រុមហ៊ុនសាងសង់ បណ្តាលឲ្យរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសបាក់កដៃខាងស្ដាំបែកមុខបែកមាត់ និងត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅគ្លីនិកឯកជនភ្លាមៗ ខណៈជិះម៉ូតូដឹកម្សៅមី បានជ្រុលទៅបុករថយន្ត១គ្រឿង ដែលបត់ចូលក្នុងការិយាល័យសាងសង់ខុនដូ នៅប្លុកបឹងកក់ រងការខូចខាតទាំងរថយន្តនិងម៉ូតូយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី៩និង៣៥នាទីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភព បានឲ្យដឹងថាមុនពេលកើតហេតុ គេ បានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus ES300H ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AD-1899 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច បានបត់ឆ្វេងចូលការិយាល័យការដ្ឋានសំណង់ ខណៈពេលនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក អឹមដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FD-3789 ដឹកម្សៅមី ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកនិងរថយន្តពេញទំហឹង បណ្ដាលឲ្យបាក់កដៃខាងស្ដាំ បែកមុខ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ចំណែករថយន្តរងការខូខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕