About Me

header ads

នគរបាលខណ្ឌដង្កោបង្រ្កាបក្រុមជនសង្ស័យវាយប្លន់ម៉ូតូកាលពីជាងកន្លះខែមុន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោនិងនគរបាលប៉ុស្តិ៍ក្រាំងពង្របានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងចំណោមគ្នា៦នាក់ដែលបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងកាលពីជាងកន្លះខែមុន។ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩  នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះរួមមាន៖១-ឈ្មោះ ស៊ុំ ពេជ្ររស្មី ហៅ ឌុន អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។២-ឈ្មោះ សំ សម្បត្តិ ហៅ វ៉ាត់ អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រ ទីលំនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។៣-ឈ្មោះ ឈិន ចាន់អ៊ូរ៉ាន់ ហៅ រ៉ាន់ អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសាយគៀច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល  ។ជិះម៉ូតូ០៣គ្រឿងធ្វើសកម្មភាពប្លន់រួមមាន ៖ម៉ាកហុងដាឌ្រីមសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1H-4038 ,ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1AE-2925។ និងម៉ាកហុងដា Beat ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល1AF-5112។ក្រោយពេលចាប់ខ្លួននគរបាលដកហូតយកបាន ទូរស័ព្ទដៃចំនួន០៣គ្រឿង , ម៉ូតូចំនួន០៣គ្រឿង និងបង្កាន់ដៃបញ្ចាំម៉ូតូ ០១សន្លឹកទៀត។រីឯបក្សពួក៣នាក់ទៀតកំពុងរត់គេចខ្លួនរួមមាន៖ ១,ឈ្មោះ អឿង វិរៈ ហៅ ចយ ភេទប្រុស អាយុ២៥ឆ្នាំ ២,ឈ្មោះ យន្ត ប៊ុនលី ហៅ អាត្នោត ភេទប្រុស អាយុ២០ឆ្នាំ និង៣,ឈ្មោះ យុទ្ធ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ។

នគរបាលដដែលបានបន្តថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១និង២០នាទីរសៀល ជនរងគ្រោះឈ្មោះស៊ុយ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។រួមជាមួយមិត្តភក្តិចំនួន០២នាក់ ទៀតបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១១០(អាសង់ប៊ិច) ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅអង្គុយលេងនៅខ្យូស(កញ្ចុះ)មួយកន្លែងស្ថិតនៅក្នុងបុរីសាន់ស៊ីម៉ិច ក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ខណៈជនសង្ស័យទាំង៦នាក់ខាងលើ បានជិះម៉ូតូទៅដល់ រួចបានចុះពីលើម៉ូតូរត់សំដៅទៅរកជនរងគ្រោះដោយមានកាន់ដំបងដែកបំពង់ទីបជ្រុងហើយស្រែកគំរាមថា ហ្នឹងហើយៗ ។

សមត្ថកិច្ចបានបន្តថា ពេលនោះយុវជនជនរងគ្រោះនិងមិត្តភក្តិមានការភ័យខ្លាចយ៉ាងខ្លាំង ក៏បាននាំគ្នារត់គេចខ្លួន ហើយក៏ត្រូវបានក្រុមជនសង្ស័យយកម៉ូតូ និងទូស័ព្ទដៃម៉ាក Iphone 7plus របស់ជនរងគ្រោះជិះគេចខ្លូនបាត់តែម្តង ។ក្រោយពេលកើតហេតុយុវជនរងគ្រោះនិងមិត្តភក្តិ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រដើម្បីជួយអន្តរាគមន៍ ហើយភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ខាងលើរួមជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងបុរីសាន់ស៊ីម៉ិច ។លុះរហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៥០នាទី ទើបឈានឃាត់ខ្លួនបានចំនួន០៣នាក់ជាបន្តបន្ទាប់នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរួចបាននាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕