About Me

header ads

ឃាតករ សម្លាប់ជនជាតិចិន កាប់បំបែកសាកសព ជា៣កំណាត់នៅក្រុងព្រះសីហនុត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ

ព្រះសីហនុ៖ ឃាតករ សម្លាប់កាត់ជនជាតិចិន ជាបីកំណាត់ប្លន់យកទ្រព្យសម្បត្តិចំនួន៧ម៉ឺនដុល្លារកាលពីថ្ងៃទី១ ខែតុលាឆ្នាំ២០១៩នេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនបានហើយ វេលាម៉ោង១៧និង០០នាទី ។

ជុំវិញករណីឃាត់ខ្លួនជនសង្ស័យជាឃាតករនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រីជិន វិទ្យា ស្នងការស្ដីទី គូសបញ្ជាក់ថាក្រោមបទបញ្ជាដ៏តឹងរឹងនិងការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នេត សាវឿន និងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក្រោមការសម្របសម្រួលពីលោកសៀងសុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ជនសង្ស័យ ជាឃាតករសម្លាប់ជនជាតិចិនដូចគ្នាជាបីកំណាត់បោះចោលនៅ៣ទីតាំងផ្សេងគ្នា ត្រូវបានឃាត់ខ្លួនហើយកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០១៩នៅចំណុចហាងប្តូរប្រាក់ ជាំង ស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យ បានសារភាពថាកើតឡើងដោយសារជនរងគ្រោះ បានទំនាក់ទំនងជនសង្ស័យដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិចចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិច)។ លុះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះ បានទៅហាងប្តូរប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី ១៤  ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ទៅអោយជនសង្ស័យរួចរាល់ហើយក៏ត្រូវជនសង្ស័យ ប្រើកាំប៉ិត កាប់ និងចាក់សម្លាប់ជន រងគ្រោះតែម្តង ។ 

បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យ បានកាត់សាកសពរបស់ជនរងគ្រោះជា ០៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និង អាវ ដែលធ្វើសកម្មភាពនិងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យ បានទៅជួលរថយន្ត០១គ្រឿង  ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសព របស់ជនរងគ្រោះយកទៅប្លុងចោលនៅ កន្លែងផ្សេងៗពីគ្នា ដោយកំណាត់ទី១ ពី ក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែងស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យក ទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ ដល់បាតជើងយកទៅប្លុងចោលនៅក្នុងព្រ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ត ព្រះសីហនុ។

-ជនរងគ្រោះឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ១៩៩៥ មុខរបរប្តូរប្រាក់កាន់លិខិត   ឆ្លងដែនលេខៈ ED7591553 ។
+សាកសពរបស់ជនរងគ្រោះ ត្រូវបានកាត់ជា០៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង ។
-ជនសង្ស័យឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរ ប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០១ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី មានប្រជាពលរដ្ឋ បានមកប្តឹងរាយការណ៍ថាគាត់ បានប្រទះឃើញមានសាកសពមិន ស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។  បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញស្នងការដ្ឋាន បានចុះទៅដល់កន្លែងដែលប្រទះឃើញសាកសពនោះ បន្ទាប់ពីបើកភួយដែលគ្រប់បិទបាំងសាកសពនោះរួចមក ក៏បានឃើញសាកសព គឺជាជនជាតិចិន ភេទប្រុស ត្រូវបានឃាតករសម្លាប់ដោយកាត់ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំប៉ិត រួចកាត់ផ្តាច់សាកសព ជាបំណែកៗ បន្ទាប់មកទើបយកបំណែកសាកសពខាងលើ (ពាក់កណ្តាលខ្លួនដល់ក្បាល) យកមកប្លង់ចោលតែម្តង ។