About Me

header ads

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកសាំងបុក

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងរីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗដែរ ខណៈដែលអ្នកទាំង២ កំពុងជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែមានរថយន្តហុីយ៉ាន់ដាយសណ្ដោងកន្ទុយរ៉ឺម៉កដឹកសុីទែនសាំង១គ្រឿងបើកបុកពេញទំហឹង។ ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ តឿន​  រ័ត្ន​ អាយុ១៧ឆ្នាំ​ មុខរបរ​ ជាង​ពិដាន​ ស្នាក់​នៅ​ក្នុងភូមិ​ ចំការ​ ស្បែង​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ និងមានស្រុកកំណើតនៅ ភូមិជ្រេស ឃុំ​ជ្រេស​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ ចំណែកអ្នករងរបួសមិនទាន់ស្គាល់ ឈ្មោះនៅឡើយទេ ។




ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-9538 រីឯ រថយន្តម៉ាកហុីយ៉ាន់ដាយពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3D-7332 មិនតែប៉ុណ្ណោះ រថយន្តនេះដឹកសុីទែនប្រេង១ហើយនិងមានសណ្ដោងកន្ទុយរ៉ឺម៉កដឹកសុីទែនប្រេងសាំង១ពីក្រោយថែមទៀតផង ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូធ្វើ ដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះរថយន្តដឹកសាំងខាងលើបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាពីកើតទៅលិចទៅដល់ វាក់គេចមិនទាន់ក៏បានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់តែម្ដង។​ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ហើយនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីចុះធ្វើការវាស់វែងនិងនាំយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់៕