About Me

header ads

ម៉ូតូ២គ្រឿងត្រូវចោរគាស់បន្ទប់លួចយកទៅបាត់ក្រោយដាក់ថ្នាំបំពុលឆ្កែងាប់២ក្បាលនិងឆ្មា១ក្បាល ចំណែក១គ្រឿងទៀតលួចចេញពីក្នុងវត្ត

ភ្នំពេញ៖​ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពីរគ្រឿងត្រូវបានចោរគាស់បន្ទប់ក្រោមផ្ទះមួយកន្លែងលួចយកទៅបាត់ស្រមោលក្រោយពេលពួកចោរទាំងនោះ ដាក់ថ្នាំបំពុលឆ្កែបណ្ដាលឲ្យពុលងាប់២ក្បាល និងឆ្មា១ក្បាល។ ចំណែកឯម៉ូតូ១គ្រឿងផ្សេងទៀតត្រូវបានចោរលួចកាច់សោរកយកចេញពីក្នុងវត្តទៅបាត់ដែរ ក្នុងខណៈពេលដែលម្ចាស់ជិះទៅវត្តហើយទុកក្រោមសាលាឆាន់និងជាប់រវល់ពិភក្សាគ្នាជាមួយព្រះសង្ឃនិងគណៈកម្មការវត្តតដើម្បីរៀបចំធ្វើបុណ្យកឋិន។



ហេតុការណ៍ទាំង២លើកនោះត្រូវបានគេដឹងថា លើកទី១ជាករណីដាក់ថ្នាំបំពុលឆ្កែរួចកាត់សោរបន្ទប់យកម៉ូតូហើយម្ចាស់ដឹងបាត់កាលពីវេលាម៉ោង៥ព្រឹក​ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល ។ ម៉ូតូដែលត្រូវចោរលួចនោះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FM-0768 មានម្ចាស់ឈ្មោះ ភី រិន ភេទប្រុស អាយុ៣០ឆ្នាំមុខរបរកម្មករសំណង់។ បុរសនេះគឺជាម្ចាស់ផ្ទះកើតហេតុខាងលើ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ដូចគ្នាស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CF-8562 មានម្ចាស់ឈ្មោះ សល់ សឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ត្រូវជាជាបងថ្លៃរបស់ម្ចាស់ផ្ទះនិងមានទីលំនៅផ្ទះក្បែរគ្នា។ ម្ចាស់ផ្ទះបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២៤ ខែតុលា ក្រោយពេលហូបបាយល្ងាយរួចគាត់និងបងថ្លៃបានអូសយក ម៉ូតូទៅទុកនៅក្នុងបន្ទប់ក្រោមផ្ទះដោយបានយកសោរទៅចាក់ទ្វារបន្ទប់ពីខាងក្រៅ បន្ទាប់មកបានឡើងទៅដេកនៅលើផ្ទះ ហើយនៅក្នុងបន្ទប់នោះគ្មានអ្នកដេកឡើយ។ បន្ទប់មកក៏បានលង់លក់រហូតដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ ខែតុលា ទើបភ្ញាក់ពីដំណេកហើយចុះពីលើផ្ទះមើលឃើញទ្វាររបើក មានស្នាមគាស់សោរ ហើយឆ្កែ២ក្បាលនិងឆ្មារ១ក្បាលបានងាប់រីឯម៉ូតូក៏បាត់អស់២គ្រឿងនិង នៅសល់តែ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ពណ៍ខ្មៅប៉ុណ្ណោះដែលទុកនៅក្នុងបន្ទប់នោះដែរ។ មិនតែប៉ុណ្ណោះក្រុមចោរបានបន្សល់ទុកសាច់ជ្រូករួមជាមួយសាច់ក្រកនិងជើងមាន់លាយថ្នាំពុលរួចជាស្រេច១ថង់នៅក្បែរពាងទឹកទៀតផង ទើបគាត់ក៏បានប្ដឹងឲ្យនគរបាលប៉ុស្តិ៍ឪឡោកឲ្យជួយអន្តរាគមន៍ភ្លាមៗ ដើម្បីពិនិត្យជាក់ស្ដែងនិងធ្វើការស្រាវជ្រាវរកក្រុមចោរ។



ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៥  ខែតុលា ឆ្នាំ២០១៩ ក្នុងវត្តអង្គនិស្ស័យ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នពេញ ដោយក្រុមចោរបានលួចកាច់សោរកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៅបាត់ដោយសុវត្ថិភាព។ ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅពាក់ស្លាក លេខភ្នំពេញ 1DO-4369 ជារបស់លោកតាម្នាក់ឈ្មោះ ភន ជាអាចារ្យវត្តអង្គនិស្ស័យ គាត់មានទីលំនៅក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌកំបូល ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកតាអាចារ្យបានជិះម៉ូតូទៅទុកនៅក្រោមសាលាឆាន់ក្នុងវត្តខាងលើដោយចាក់សោរកត្រឹមត្រូវ ។បន្ទាប់មកបានឡើងទៅខាងលើសាលាឆាន់ដើម្បីពិភាក្សាគ្នា ជាមួយព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តរឿងរៀបចំធ្វើបុណ្យកឋិនទាននាពេលខាងមុខ លុះពេលចប់ការងារចុះមកវិញស្រាប់តែបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលនិងប្ដឹងឲ្យនគរបាលជួយពួនស្ទាក់ ប៉ុន្តែពុំដឹងថាចោរជិះទៅដល់ណាឡើយ៕