About Me

header ads

នគរបាលរាជធានីភ្នំពេញនឹងចាត់វិធានការ យានយន្តអត់ស្លាកលេខ

រាជធានីភ្នំពេញ៖នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤នឹង ចាត់វិធានការឃាត់ទុកបណ្តោះអាសន្ន និងធ្វើការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី។ នេះបើតាមសេចក្តីជួនដំណឹង ដែលបានបង្ហោះនៅក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ការចាត់វិធានការចំពោះរថយន្តនិងទោចក្រ-ត្រីចក្រយានយន្តដែលអត់ស្លាកលេខ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃច័ន្ទទី២១ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ។


តាមសេចក្តីជួនដំណឹង របស់លោកឧត្តមសេនីយ៍ឯកស ថេត    អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា មួយរយៈពេលចុងក្រោយនេះ មានរថយន្ត និងទោចក្រ-ត្រីចក្រយានយន្ត មួយចំនួនដែលធ្វើចរាចរណ៍នៅតាមដងផ្លូវដោយគ្មានស្លាកលេខ ឬប្រើប្រាស់ស្លាកលេខមិនប្រក្រតី និងបានឆ្លៀតឱកាសយករថយន្ត និងទោចក្រ-ត្រីចក្រយានយន្តទាំងនោះ ទៅប្រព្រឹត្តអំពើឆក់ ប្លន់ ឬធ្វើសកម្មភាពល្មើសច្បាប់ ផ្សេងៗទៀតនិងបង្កគ្រោះថ្នាក់រួចបើកគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់។ នៅក្នុងសេចក្តីជួនដំណឹងបានអោយដឹងទៀតថា ចំពោះមុខដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញសំដៅទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ និងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវតាមរកជនល្មើសមួយចំនួន និងដើម្បីបង្កើនប្រសិទ្ធភាពនៃការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់រថយន្តនិងទោចក្រ-ត្រីចក្រយានយន្តដែលគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងបណ្ណសម្គាល់ឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។



គួរបញ្ជាក់ ថា តាមច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា ៤៧ បានអោយដឹងថា គ្រប់យានយន្តនៅពេលដាក់អោយ ធ្វើចរាចរណ៍នៅលើដងផ្លូវថ្នល់ត្រូវមានបណ្ណសម្គាល់យានយន្តនិងមានពាក់ផ្លាកលេខ សម្គាលយានយន្ត។នៅក្នុងមាត្រា ៨២  បានអោយដឹងថា ជនណាប្រើប្រាស់រថយន្តដោយគ្មានបណ្ណសម្គាល់រថយន្តឬគ្មានផ្លាកលេខសម្គាល់រថយន្តត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីថ្ងៃ៦ថ្ងៃទៅ១ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀល៕