About Me

header ads

បុរសអ្នករត់ម៉ូតូឌុបម្នាក់សង្ស័យត្រូវចោរវាយសម្លាប់ប្លន់យកម៉ូតូ

ភ្នំពេញ៖ បុរសម្នាក់ពេលថ្ងៃធ្វើជាជាងឈើផង និងជាងកញ្ចក់ផង ពេលយប់បានឆ្លៀតពេលរត់ម៉ូតូឌុបថែមទៀតដើម្បីសន្សំប្រាក់ទុកសម្រាប់ពេលប្រពន្ធដែលជាកម្មការិនីសម្រាលកូន ហើយសង្ស័យថាគាត់ដឹកម៉ូយប៉ះចំចោរប្លន់ទើបត្រូវបានចោរវាយសម្លាប់ប្លន់យកម៉ូតូគេចខ្លួនបាត់។ចំណែកសាកសពរបស់គាត់ត្រូវបានអ្នកភូមិប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវលំ ស្ថិតនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅខណ្ឌដង្កោ រាជធានីភ្នំពេញ។



សពបុរសរងគ្រោះរូបនោះឈ្មោះ មែក ភីន អាយុ២៨ឆ្នាំ មុខរបរជាងឈើផងនិងជាជាងកញ្ចក់ផងព្រមទាំងឆ្លៀតពេលរត់ឌុបផងដែរ មានប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរនិងមានផ្ទៃពោះ៧ខែទៅហើយ។ សព្វថ្ងៃស្នាក់នៅម្តុំផ្សារស៊ិនជូរីផ្លាហ្សា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ និង
មានស្រុកកំណើតនៅក្នុងភូមិសំភ្លី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅ។



ប្រភពពីសាច់ញាតិនិយាយឲ្យដឹងថា ជនរងគ្រោះនិងប្រពន្ធបាននាំគ្នាចាកចេញពីស្រុកកំណើតមកស្នាក់នៅ ផ្ទះជួលខាងលើហើយបានប្រកបមុខរបរជាជាងឈើនិងជាជាងកញ្ចក់ ចំណែកស្ត្រីជាប្រពន្ធធ្វើជាកម្មការិនីរោងចក្រកាត់ដេរ។ ដោយសារតែប្រពន្ធមានផ្ទៃពោះ៧ខែទៅហើយនិងមានការខ្វះខាតនោះ ទើបបុរសរងគ្រោះខាងលើឆ្លៀតពេលយប់រត់ម៉ូតូឌុប ដើម្បីរកប្រាក់សន្សំទុកសម្រាប់ចំណាយពេលដែលប្រពន្ធសម្រាលកូននៅពេលខាងមុខដោយគាត់នៅរង់ចាំម៉ូយម្ដុំផ្សារសុិនជូរីផ្លាហ្សារ។


ប្រភពដដែលបានបន្តថា ដោយឡែកយប់ថ្ងៃទី១៥  ខែតុលា ជនរងគ្រោះបានចេញរត់ឌុបដូចរាល់ដងទៀត ហើយក៏ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញឡើយ ហើយប្រពន្ធនិងសាច់ញាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។ លុះដល់ព្រឹកឡើង ក៏ទទួលដំណឹងដ៏រន្ធត់ថាជនរងគ្រោះស្លាប់ដោយការវាយនិងច្របាច់កសម្លាប់ប្លន់យកម៉ូតូបែបនេះបាត់ទៅហើយ។ ចំណែកអ្នកភូមិបានឲ្យដឹងថានៅវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ពួកគាត់បានឮសំលេងជនរងគ្រោះស្រែកជួយផងៗជាច្រើនដង តែដោយសារយប់ស្ងាត់ពេក គួបផ្សំតំបន់នេះដាច់ស្រយាលពីផ្ទះអ្នកភូមិផងនោះ ទើបគ្មាននណាម្នាក់ចេញមកជួយឡើយ លុះព្រឹកឡើងក៏ស្រាប់តែឃើញជនរងគ្រោះស្លាប់នៅលើផ្លូវគួរឲ្យសង្វេគ។

ក្រោយពេលកើតហេតុនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោរួមនិងកម្លាំងអាវុធហត្ថកំពុងបើកការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសនៅពេលក្រោយ៕