សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយក្រុមហ៊ុន Hanuman នឹងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់សង្វៀន Hanuman គុនខ្មែរ នៅសាលសម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី៩ ខែវិច្ឆកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៤ល្ងាចតទៅ ។
កីឡាករគុនខ្មែរ ៦រូបនឹងឡើងសង្វៀនប្រកួតទល់នឹងជើងខ្លាំងមកពីបរទេសចំនួន ៦នាក់ដូចគ្នា។ ក្នុងនោះ ក៏មានគូមិត្តភាពខ្មែរប៉ះខ្មែរចំនួន ២គូផងដែរ ។ សម្រាប់សមាសភាពសរុបទាំងអស់ចំនួន ៨គូ រួមមាន៖
គូទី១, កីឡាការិនី ធន់ ស្រីពេញ ប្រកួតក្នុងទម្ងន់ ៥១គីឡូក្រាមជាមួយកីឡាការិនី រិទ្ធី វ៉ានិច្ច។
គូទី២, កីឡាករ ធន់ វិស្នុ ប្រកួតក្នុងទម្ងន់ ៥១គីឡូក្រាមជាមួយកីឡាករ សាយ ថៃដេ។
ចាប់ពីគូទី៣ ទៅជាគូមិត្តភាពអន្តរជាតិរវាងកីឡាករ ប៊ុន សុធា ប្រកួតជាមួយកីឡាករវៀតណាម ក្នុងទម្ងន់ ៥៤គីឡូក្រាម ។
គូទី៤, កីឡាករ ធន់ ផានិត ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាមជាមួយកីឡាករវៀតណាម ។
គូទី៥, កីឡាករ ធន់ អៀនឡៃ ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាមជាមួយកីឡាករឡាវ ។
គូទី៦, កីឡាករ យ៉េន ឌីណា ប្រកួតក្នុងទម្ងន់ ៦៥គីឡូក្រាមជាមួយកីឡាករឡាវ ។
គូទី៧, កីឡាករ ធន់ រិទ្ធី ប៉ះកីឡាករថៃ ប្រកួតក្នុងទម្ងន់ ៧៥គីឡូក្រាម ។
និងគូទី៨ ជាគូចុងក្រោយ និងជាគូឯកប្រចាំកម្មវិធីជាជំនួបរវាងកីឡាករ ព្រំ សំណាង ជាមួយនឹងកីឡាករថៃ ក្នុងទម្ងន់ ៨១គីឡូក្រាម ។ ការប្រកួតដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧១ និងដើម្បីអបអរសាទរដល់ការសម្ពោធសាលកីឡាសម្តេចពិជ័យសេនាផងដែរ ។
ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍មានកិត្តិយសនឹងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍គុនខ្មែរដ៏ធំមួយនេះ ៕